(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអំពាវនាវជាថ្មីឱ្យពិភពលោក ងើបឡើងប្រឆាំងនឹងអ៊ីរ៉ង់ ដែលលោកផ្ទាល់ចាត់ទុកថា ជាសភាវៈអាក្រក់ និងជាសត្រូវរបស់មនុស្សគ្រប់គ្នា។ លោក Netanyahu ថ្លែងបែបនេះ នាឱកាសប្រារព្ធខួបឆ្នាំទី ៧០ នៃទិវាឯករាជ្យជាតិរបស់អ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨។
«អ៊ីរ៉ង់គឺជាសត្រូវរបស់យើងទាំងអស់គ្នា ជាសត្រូវរបស់អ៊ីស្រាអែល ពិភពអារ៉ាប់ និងអរិយ្យធម៌»។ នេះជាការលើកឡើងរបស់លោក Netanyahu នៅឯវិមានប្រធានាធិបតីកាលពីថ្ងៃព្រហស្បតិ៍។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលកំពុងជាប់ផុងក្នុងរឿងអាស្រូវពុករលួយរូបនេះ បន្តយ៉ាងដូច្នេះថា «អ៊ីរ៉ង់បាននិយាយដោយចំហ ពីការបំផ្លាញអ៊ីស្រាអែល។ អ៊ីរ៉ង់កំពុងឡោមព័ទ្ធតំបន់មជ្ឈិមបូព៌ា ហើយចង់ក្រសោបយកតំបន់នេះទាំងមូល។ ពួកគេបានបាញ់គ្រាប់រ៉ុក្កែតលើទីក្រុងរីយ៉ាដ និងអារ៉ាប៊ីសាអូឌីត និងកំពុងគ្រប់គ្រងប្រទេសលីបង់ ព្រមទាំងដុតបញ្ឆេះភាពតានតឹងនៅក្នុងតំបន់ហ្គាសា និងអ៊ីរ៉ាក់។ ចំណែកឯនៅស៊ីរីវិញ ពួកគេកំពុងព្យាយាមបង្កើតមូលដ្ឋានទ័ព ដូច្នេះប្រទេសស្រឡាញ់សន្តិភាពទាំងអស់ គួរតែងើបឡើងប្រឆាំងនឹងអ៊ីរ៉ង់»។
គួរបញ្ជាក់ថា លោក Benjamin Netanyahu ក៏បានជំរុញផងដែរឱ្យបណ្ដាប្រទេសនានា ផ្លាស់ប្ដូរស្ថានទូតរបស់ខ្លួនទៅកាន់ទីក្រុងហ្សេរុយសាឡឹម ហើយលោកបានអរគុណដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការផ្លាស់ប្ដូរស្ថានទូតអាមេរិកទៅកាន់ទីក្រុងមួយនេះ ដែលប៉ាឡេស្ទីន អះអាងថា ជារបស់ខ្លួនផងដែរនោះ៕