(អាមេរិក)៖ ភពអង្គារ (Mars) ប្រហែលជាទទួលបានព្រះច័ន្ទតូចៗទាំងពីររបស់ខ្លួន ក្រោយពីវត្ថុទំហំប៉ុនអាចម៍ផ្កាយមួយ បានទៅបុកចំផ្ទៃនៃភពក្រហមនេះយ៉ាងពេញទំហឹង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space.com នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨។
យោងតាមលទ្ធផលនៃការធ្វើគំរូពិសោធន៍ថ្មីៗ ទំនងជាបានបង្ហាញថា វត្ថុអវកាសមួយ អាចមានទំហំប្រហាក់ប្រហែល នឹងវត្ថុដែលធំបំផុតនៅក្នុងតំបន់ខ្សៃក្រវាត់អាចម៍ផ្កាយ (Astroid Belt) ប្រហែលជាបានទៅទង្គិចនឹងផ្ទៃរបស់ ភពអង្គារ រហូតដល់ថ្នាក់ធ្វើឲ្យរូបធាតុនានានៅលើភពនេះខ្ទាតខ្ចាត់ខ្ចាយទៅក្នុងលំហអាកាស គ្រប់គ្រាន់ល្មមដើម្បីបង្កើតចេញជាព្រះច័ន្ទទាំងពីររបស់ភពអង្គារ គឺព្រះច័ន្ទ Phobos និង Deimos ដែលមានរូបរាងដូចអាចម៍ផ្កាយ (មិនមូល)។
អ្នកវិទ្យាសាស្រ្តបានបន្តជជែកដេញដោល អំពីដើមកំណើតនៃព្រះច័ន្ទទាំងពីររបស់ Mars អស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ ដោយអ្នកខ្លះបានលើកឡើងថា ពួកវាប្រហែលជាបានត្រូវលួចទាញ យកមកពីតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ និងខ្លះទៀតថា ពួកវាបានកកើតឡើងចេញពីបណ្តុំកងរង្វង់ នៃកម្ទេចកម្ទីរក្នុងទីអវកាស នៅជុំវិញភពក្រហម Mars។ យ៉ាងណាមិន ដោយសារតែជាក់ស្តែងព្រះច័ន្ទទាំងពីរនេះ មានគន្លងធ្វើដំណើរស្ទើរតែជារង្វង់យ៉ាងស្មើល្អ នៅជុំវិញបន្ទាត់អេក្វាទ័រនោះ ការលើកថាពួកវាបានចាប់កំណើតឡើងដោយបាតុភូតប៉ះទង្គិចគ្នា គឺមានលទ្ធភាពខ្ពស់បំផុត។
ព្រះច័ន្ទដែលកកើតឡើងដោយកម្ទេចកម្ទីរអវកាស ក្រោយការប៉ះទង្គិចគ្នានោះ គឺពុំមែនជារឿងថ្មីនោះឡើយ តួយ៉ាងព្រះច័ន្ទរបស់ភពផែនដីយើងនេះ ក៏ត្រូវគេជឿជាក់ថា បានកើតឡើងបន្ទាប់ពីវត្ថុអវកាសមួយទំហំប៉ុនភពអង្គារ បានមកបុកចំផ្ទៃនៃភពរបស់យើង កាលពី៤.៥ពាន់លានឆ្នាំមុន។ សម្រាប់ Phobos មានមុខកាត់ ២២.២គីឡូម៉ែត្រ និង Deimos ១២.៦គីឡូម៉ែត្រ។
បច្ចុប្បន្នព្រះច័ន្ទ Phobos កំពុងវិលរំកិលចូលទៅកៀកនឹងភពអង្គារ ហើយអាចនឹងទៅបុកជាមួយផ្ទៃនៃភពនេះ នៅក្នុងរយៈពេល ៥០លានឆ្នាំទៀត ខណៈព្រះច័ន្ទ Deimos នឹងរួចផុតករណីនេះ ដោយសារតែវាកំពុងវិលរំកិលខ្លួនយ៉ាងសន្សឹមៗឃ្លាតទៅឆ្ងាយពី Mars។ ទោះបីជាបែបនេះក្តី ៥០លានឆ្នាំពិតជាយូរណាស់ ប៉ុន្តែមនុស្សនឹងរកវិធីទប់ស្កាត់រឿងនេះ មុននឹងវាត្រូវកើតឡើងនោះ ប្រសិនជាភពអង្គារ គឺជាជម្រករបស់មនុស្សនៅពេលអនាគត។
គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០២៤ ទីភ្នាក់ងាររុករកទីអវកាសរបស់ប្រទេសជប៉ុន JAXA គ្រោងបឹងបញ្ជូនយានអវកាស MMX ទៅកាន់ព្រះច័ន្ទទាំងពីររបស់ Mars ហើយយាន MMX នឹងធ្វើការចុះចតនៅលើផ្ទៃរបស់ព្រះច័ន្ទ Phobos និងប្រមូលគំរូតាងនានានៅទីនោះ ហើយវិលត្រឡប់មកកាន់ផែនដីវិញនៅឆ្នាំ២០២៩។ គោលដៅចម្បងរបស់បេសកកម្មនេះ គឺដើម្បីកំណត់រកដើមកំណើតឲ្យប្រាកដ នៃព្រះច័ន្ទ Phobos និង Deimos៕