(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូលឡាហ៍ អាលី ខាមេណៃ (Ayatollah Ali Khamenei) បានឈប់ប្រើប្រាស់កម្មវិធីផ្ញើសារ Telegram ដែលជាកម្មវិធី មួយមានប្រជាប្រិយភាពយ៉ាងខ្លាងំនៅក្នុងចំណោមប្រជាជនអ៊ីរ៉ង់ និងមានប្រភពមកពីរុស្ស៊ី ក៏ព្រោះតែកម្មវិធីនេះត្រូវបានទទួលស្គាល់ថា មានប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុត។ នេះបើតាមការផ្សាយរបស់គេហទំព័រអ៊ីរ៉ង់ khamenei.ir ដកស្រង់ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨។
យោងតាមគេហទំព័រខាងលើនេះ ការសម្រេចចិត្តរបស់លោក Khamenei គឺធ្វើឡើងដើម្បីថែរក្សាផលប្រយោជន៍ជាតិ និងលុបចោលបំបាត់នូវភាពផ្ដាច់មុខរបស់ Telegram។ ដោយឡែកជុំវិញបញ្ហានេះដែរ លោក Abdolsamad Khorramabadi លេខាធិការ នៃក្រុមអាជ្ញាធរឃ្លាំមើលឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណែត ក៏បាននិយាយកាលពីអង្គារដែរថា វានៅមានលក្ខខណ្ឌជាច្រើនទៀត ដែលកម្មវិធីផ្ញើសារបរទេសទាំងអស់ត្រូវតែធ្វើកិច្ចសហប្រតិបត្តិការ ដោយអនុឡោមតាមច្បាប់របស់អ៊ីរ៉ង់។
លោក Khorramabadi បន្តទៀតថា លក្ខខណ្ឌដែលកម្មវិធីផ្ញើសារបរទេសទាំងអស់ ត្រូវអនុវត្តមុនគេគឺទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន និងបច្ចេកវិទ្យា ទូរគមនាគមន៍អ៊ីរ៉ង់ជាមុនសិន ហើយមិនតែប៉ុណ្ណោះ ក៏ត្រូវធានាឱ្យបានផងដែរថា ព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាជនអ៊ីរ៉ង់ មិនត្រូវបាន ប្រើប្រាស់ដោយជនទីបី។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែមករា អាជ្ញាធរអ៊ីរ៉ង់ធ្លាប់បានព្រមានឱ្យ Telegram ទប់ស្កាត់សកម្មភាពញុះញង់ឱ្យមានបាតុកម្មតវ៉ា ប្រឆាំងនឹងរដ្ឋាភិបាលលោក ហាសាន់ រូហានី បើពុំដូច្នោះទេអ៊ីរ៉ង់នឹងបិទកម្មវិធីផ្ញើសារមួយនេះទាំងស្រុង។ កាលពីពេលថ្មីៗនេះ បណ្តាញសង្គម Telegram ប្រកាសថា ខ្លួនមានអ្នកប្រើប្រាស់សរុបជាង ២០០លាននាក់ហើយនៅទូទាំងសកលលោក ជាពិសេសនៅក្នុងប្រទេសរុស្ស៊ី ដែលទឹកដីកំណើតនៃកម្មវិធីផ្ញើសារជាអក្សរ វីដេអូ សំឡេង និងរូបភាពដ៏ពេញនិយមមួយនេះ៕