(គុយបា)៖ ក្រុមអ្នកវិភាគបានលើកឡើងថា មេដឹកនាំថ្មីនៃប្រទេសគុយបា ដែលទើបត្រូវបានប្រកាសឲ្យឡើងកាន់តំណែងជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នឹងរៀបចំកំណែទម្រង់របៀបរបបដឹកនាំ នៃប្រទេសដីកោះក្នុងសមុទ្រការីបៀនមួយនេះនៅថ្ងៃអនាគតដ៏ខ្លីខាងមុខ ជាពិសេសជុំវិញទំនាក់ទំនងទាំងជាមួយសហរដ្ឋអាមេរិក ដែលបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ ព្រមទាំងទំនាក់ទំនងសេដ្ឋកិច្ច ជាមួយបណ្តាប្រទេសមហាអំណាចនានា ដូចជាចិន និងសហភាពអឺរ៉ុបផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយពី ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨។
លោក Miguel Diaz-Canel ដែលត្រូវបានប្រកាសបេក្ខភាពតែមួយគត់ ក្នុងការឡើងជាប្រធានាធិបតីបន្តវេនពីលោក រ៉ាអ៊ូល ខាស្ត្រូ នោះត្រូវបានសភាគុយបា សម្រេចជ្រើសតាំងជាផ្លូវការ ឲ្យឡើងកាន់តំណែងប្រធានាធិបតីនៃប្រទេសដីកោះនេះតែម្តង ក្នុងអាណត្តិថ្មីដែលមានរយៈពេល ០៥ឆ្នាំ។
សភាគុយបាបានសម្រេចចិត្តតែងតាំងដៃស្ដាំរបស់លោក រ៉ាអ៊ូល ខាស្ត្រូ (Raúl Castro) គឺលោក មីហ្គែល ឌីយ៉ាស់ ខាណែល (Miguel Díaz-Canel) វ័យ ៥៧ឆ្នាំ ជាបេក្ខជនតែម្នាក់គត់ដែលនឹងត្រូវបន្តដំណែងជាប្រធានាធិបតីគុយបា ហើយនៅថ្ងៃបន្ទាប់ គឺថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោកក៏បានក្លាយជាមេដឹកនាំថ្មី ដែលជាការបិទបញ្ចប់ផងដែរ នូវការដឹកនាំប្រទេសរបស់ត្រកូល Castro អស់រយៈពេលជាង ០៦ទសវត្សរ៍មកនេះ។
គួរបញ្ជាក់ថា លោក Raúl Castro បានឡើងកាន់តំណែងជាប្រធានាធិបតីគុយបា ជំនួសបងប្រុសរបស់លោក គឺលោក ហ្វីឌែឡ ខាស្ត្រូ (Fidel Castro) តាំងតែពី ឆ្នាំ២០០៦ មកម្ល៉េះ។ ប៉ុន្តែលោកត្រូវបានគេរំពឹងថា នឹងលាលែងពីតំណែងនៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីសភាគុយបា តែងតាំងលោក Miguel Díaz-Canel ជាបេក្ខជនតែម្នាក់គត់ ដែលនឹងត្រូវបន្តកាន់ដំណែងពីរូបលោក។
យ៉ាងណាក៏ដោយ លោក Raúl Castro ត្រូវគេជឿជាក់ដដែលថា នឹងនៅតែមានអំណាចនៅក្នុងគណបក្សកុម្មុយនិស្ដ បើទោះជាលោកលាលែងពីដំណែងក៏ដោយ ហើយម្យ៉ាងវិញ ទៀតលោកនឹងអាចដឹកនាំគណបក្សកុម្មុយនិស្ដគុយបា រហូតដល់សមាជបក្សនៅឆ្នាំ២០២១ ឯណោះ។
សម្រាប់មូលហេតុនៃការលែងពីតំណែងរបស់ លោក Castro ពេលនេះ គឺមិនទាន់មានការបញ្ជាក់ឲ្យបានច្បាស់លាស់នោះឡើយ ប៉ុន្តែបច្ចុប្បន្ននេះ លោកមានវ័យ ៨៦ឆ្នាំ ដែលវ័យជរាទៅហើយ៕