(ប៉េកាំង)៖ ភ្លាមៗបន្ទាប់ពី​ការប្រកាស​ជាផ្លូវការ នៃការទទួល​ស្គាល់លោក Miguel Diaz-Canel ជា​ប្រធានាធិបតីថ្មី នៃប្រទេស​គុយបានោះ លោក ស៊ី ជិនពីង ប្រធានាធិបតី​នៃប្រទេសចិន​បានផ្ញើសារអបអរសាទរ ចំពោះមេដឹកនាំថ្មីគុយបាផងដែរ ខណៈដែល​ប្រទេសទាំង​ពីរ​ មានចំណង​ទាក់ទងគ្នា​យ៉ាងស្អិតល្មួត រាប់ទសវត្សរ៍មកហើយ។ នេះបើ​តាម​ការចេញ​ផ្សាយនៅមុននេះ​បន្តិចដោយ ស៊ីនហួរ នាយប់​ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨។

លោក Miguel Diaz-Canel ដែលទើបត្រូវបានប្រកាស​បេក្ខភាពតែមួយគត់ ក្នុងការឡើងជាប្រធានាធិបតី​បន្តវេនពីលោក រ៉ាអ៊ូល ខាស្ត្រូ នោះ​ត្រូវបានសភាគុយបា សម្រេចជ្រើសតាំងជាផ្លូវការហើយ ឲ្យឡើងកាន់តំណែង​ប្រធានាធិបតីនៃប្រទេសដីកោះនេះតែម្តង ក្នុងអាណត្តិថ្មីដែលមានរយៈពេល ០៥ឆ្នាំ។

កាលពីថ្ងៃពុធ សភាគុយបា​បាន​សម្រេចចិត្ត​តែងតាំង​ដៃស្ដាំ​របស់លោក រ៉ាអ៊ូល ខាស្ត្រូ (Raúl Castro) គឺលោក មីហ្គែល ឌីយ៉ាស់ ខាណែល (Miguel Díaz-Canel) វ័យ ៥៧ឆ្នាំ ជាបេក្ខជនតែម្នាក់គត់ដែល​​នឹងត្រូវបន្តដំណែង​ជាប្រធានាធិបតី​គុយបា ហើយនៅថ្ងៃបន្ទាប់នេះ លោកក៏បានក្លាយ​ជាមេដឹកនាំថ្មី ដែលជាការបិទបញ្ចប់​ផងដែរ​ នូវការដឹកនាំ​ប្រទេសរបស់​ត្រកូល Castro អស់រយៈពេលជាង ០៦ទសវត្សរ៍​មកនេះ។

លោក Raúl Castro បានឡើងកាន់​តំណែងជាប្រធានាធិបតី​គុយបា ជំនួសបងប្រុស​របស់លោក គឺលោក ហ្វីឌែឡ ខាស្ត្រូ (Fidel Castro) តាំងតែពី ឆ្នាំ២០០៦ មកម្ល៉េះ។ ប៉ុន្តែលោកត្រូវ​បានគេរំពឹងថា​ នឹងលាលែងពីតំណែង​នៅក្នុង​សប្ដាហ៍នេះ បន្ទាប់ពី​សភាគុយបា តែងតាំង​លោក Miguel Díaz-Canel ជាបេក្ខជន​តែម្នាក់គត់​ ដែលនឹងត្រូវបន្ត​កាន់ដំណែង​ពីរូបលោក។

យ៉ាងណា​ក៏ដោយ លោក Raúl Castro ត្រូវ​គេជឿជាក់ដដែលថា​ នឹងនៅតែមាន​អំណាចនៅក្នុង​គណបក្សកុម្មុយនិស្ដ បើទោះ​ជាលោកលាលែង​ពីដំណែងក៏ដោយ ហើយម្យ៉ាងវិញ ទៀតលោក​នឹងអាចដឹកនាំ​គណបក្សកុម្មុយនិស្ដ​គុយបា រហូតដល់​សមាជបក្ស​នៅឆ្នាំ២០២១ ឯណោះ។

សម្រាប់​មូលហេតុនៃការលែង​ពីតំណែងរបស់ លោក Castro ពេលនេះ​ គឺមិនទាន់មានការបញ្ជាក់​ឲ្យ​បានច្បាស់លាស់​​នោះឡើយ ប៉ុន្តែបច្ចុប្បន្ននេះ លោក​មានវ័យ ៨៦ឆ្នាំ ដែលវ័យជរាទៅ​ហើយ៕