(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អាជ្ញាធរឧតុនិយម​ជប៉ុន (JMA) បានឱ្យដឹងថា ភ្នំភ្លើងគឺរីស៊ីម៉ា (Kirishima) ស្ថិតនៅភាគ​និរតី​​នៃកោះ គ្យូស៊ុ (Kyushu) បានផ្ទុះ​នៅថ្ងៃព្រហស្បតិ៍នេះ ជាមួយការបញ្ចេញកម្អែល​ផេះយ៉ាងខ្មួលខ្មាញ់​ទៅលើអាកាស៕

២៖ គ្រោះរញ្ជួយដី​ដ៏កក្រើកមួយ អាចមានកម្រិត​ចាប់ពី ៥.៥រ៉ិចទ័រ ទៅ ៥.៩រ៉ិចទ័រ បានវាយប្រហារ​តំបន់ភាគខាងត្បូង​ប្រទេសអ៊ីរ៉ង់ ក្បែរនឹង​ស្ថានីយ​ថាមពលនុយក្លេអ៊ែរ​តែមួយគត់ របស់សាធារណរដ្ឋអ៊ីស្លាម​មួយនេះ ប៉ុន្តែភ្លាមៗ​បែបនេះ ពុំទាន់មានសេចក្តី​រាយការណ៍​​អំពី​មនុស្សរងគ្រោះ ឬក៏ការបំផ្លិចបំផ្លាញ​បង្កឡើងដោយគ្រោះធម្មជាតិនេះ នៅឡើយទេ៕

៣៖ វិទ្យាស្ថានផលិត​យន្តហោះដ្រូន​យោធា (Drone) ឈានមុខគេមួយ​របស់​ប្រទេសចិន កំពុងធ្វើការអភិវឌ្ឍ​​យន្ត​ហោះ​ដ្រូន​​មិនបំពាក់​​សព្វាវុធ ដើម្បីងាក​ទៅជ្រៀតចូលក្នុង​ទីផ្សារស៊ីវិល​វិញម្តង ដែលមាន​ការរីកដុះដាល​ហួសពីការ​រំពឹងទុក៕

៤៖ អង្គភាពទ័ពអាកាស​ នៃកងទ័ពរំដោះប្រជាជនចិន (PLA) បានដឹកនាំ​ការធ្វើសមយុទ្ធយោធា​បាញ់គ្រាប់ពិត នៅឯតំបន់ឆ្នេរ​ភាគអាគ្នេយ៍ នៃប្រទេស ស្របពេលកំពុង​មានភាពតាន​តឹង​ជាមួយ​កោះ​តៃវ៉ាន់ ពាក់ព័ន្ធនឹងគំរោង​ទិញយន្ដហោះចម្បាំង​ ពីសហរដ្ឋអាមេ​រិក៕

៥៖ អាជ្ញាធរគ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា មនុស្ស​០២នាក់បានស្លាប់ និង២១​នាក់ទៀត បានរងរបួស ខណៈអគារច្រើន​ជាង ៣០០ខ្នងត្រូវបានបំផ្លាញដោយសារតែគ្រោះ​រញ្ជួយដី​នៅលើខេត្តជ្វា​៕

៦៖ មុននឹងជំនួបផ្លូវការជាមួយមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបាន​ធ្វើឡើង ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានព្រមាន​ទុកឱ្យហើយថាលោកនឹងដើរចេញ​ពីកិច្ចប្រជុំ​ភ្លាមៗ បើសិនជាកិច្ចចរចា​នោះ មិនលេចចេញ​ជាផ្លែផ្កាអ្វីទេ​នោះ៕