(ប៉េកាំង)៖ ទំហំនៃការធ្វើពាណិជ្ជកម្មរវាងមហាយក្សចិន-រុស្ស៊ី ទំនងជានឹងមានការកើនឡើងហួសពី ១០០ពាន់លានដុល្លារ នៅឆ្នាំ២០១៨នេះ ក្រោយពីមានការកើនឡើងដល់ទៅអត្រាជិត ៣០ភាគរយឯណោះ កាលអំឡុងត្រីមាសទី ១ នៃឆ្នាំនេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក Gao Feng បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានមួយថា «ទំនាក់ទំនងចិន-រុស្ស៊ី គឺមានភាពចាស់ទុំ និងមានស្ថិរភាព ហើយនឹងមិនអាចទទួលឥទ្ធិពលប៉ះពាល់ ពីមជ្ឈដ្ឋានខាងក្រៅបានឡើយ»។
លោក Gao បានបន្តទៀតថា ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំណងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី បានឈានចូលដំណាក់កាលថ្មី ដែលបានធ្វើឲ្យកិច្ចសហប្រតិបត្តិការវិនិយោគ និងកំណើនពាណិជ្ជកម្ម មានការរីកចម្រើនទៅមុខយ៉ាងឆាប់រហ័ស និងបង្កើតឲ្យមានវឌ្ឍនភាពនៅក្នុងកិច្ចសហប្រតិបត្តិការពាក់ព័ន្ទនឹងគម្រោងយុទ្ធសាស្រ្តសំខាន់ៗដទៃទៀត។
គួរជម្រាបថា កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើន ២០.៨ភាគរយ ពោលគឺដល់ ៨៤.០៧ពាន់លានដុល្លារ ហើយចិនបានជាដៃគូពាណិជ្ជកម្មដ៏ធំ និងសំខាន់បំផុតរបស់រុស្ស៊ី អស់រយៈពេល ០៨ឆ្នាំមកហើយ៕