(វ៉ាស៊ីនតោន)៖ ក្រុមអ្នករៀបចំកិច្ចប្រជុំកំពូលពាណិជ្ជកម្មអាមេរិក-ចិន បានអះអាងថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគជាច្រើនរវាងប្រទេសទាំងពីរ កំពុងទទួលបានការស្វាគមន៍ ខណៈភាគីទាំងពីរយល់ថា ភាពតានតឹងផ្នែកពាណិជ្ជកម្មក្នុងពេលបច្ចុប្បន្ន គួរតែបិទបញ្ចប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨។
ថ្លែងនៅឯពិធីបើកកិច្ចប្រជុំពាណិជ្ជកម្មរយៈពេលពីរថ្ងៃ ក្នុងទីក្រុងឈីកាហ្គូ កាលពីថ្ងៃពុធ នាយកប្រតិបត្តិការធនាគារវិនិយោគ អាមេរិក Goldman Sachs លោក Lloyd Blankfein បានលើកឡើងដូច្នេះថា «នៅខណៈពេលភាពតានតឹងពាណិជ្ជកម្ម កំពុងកើនឡើង ពួកយើងបានបង្កើនកិច្ចពិភាក្សាកាន់តែច្រើនពាក់ព័ន្ធនឹងពាណិជ្ជកម្ម ទាំងផ្នែកឯកជន និងសាធារណៈរវាងចិន និងសហរដ្ឋអាមេរិក... ហើយខ្ញុំយល់ថា មហាអំណាចទាំងពីរគួរតែបង្កើនការវិនិយោគទ្វេភាគី ក៏ដូចជាបិទបញ្ចប់ភាពតានតឹងលើ វិស័យពាណិជ្ជកម្ម ក្នុងពេលបច្ចុប្បន្ន»។
គួរជម្រាបថា ថ្នាក់ដឹកនាំពាណិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក និងចិនជាង ១០០នាក់ បានចូលរួមក្នុងកិច្ចប្រជុំកំពូល នៅឯទីក្រុងឈីកាហ្គូ កាលពីថ្ងៃពុធ រៀបចំឡើងដោយធនាគារវិនិយោគ អាមេរិក Goldman Sachs ដែលបានប្រកាសបោះទុន ០៥ពាន់លានដុល្លារ ក្នុងការវិនិយោគលើវិស័យឧស្សហកម្ម ជាមួយចិនកាលពីខែវិច្ឆិកា ឆ្នាំ២០១៧៕