​(ប៉ារីស)៖ ប្រព័ន្ធផ្សព្វផ្សាយ​បារាំង​បានរាយការណ៍ថា បុរសជនជាតិបារាំងម្នាក់ឈ្មោះ ហ្សែរ៉ូម ហាម៉ុន (Jerome Hamon) បានក្លាយជា​មនុស្សដំបូងគេ​នៅលើពិភពលោក​ ដែល​ទទួលការវះកាត់ប្ដូរមុខ​ចំនួនពីរ​ដង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨។

លោក Jerome Hamon កំពុងសម្រាក​ព្យាបាលនៅឯមន្ទីរពេទ្យ​មួយក្នុង​ទីក្រុងប៉ារីស បីខែបន្ទាប់ពីទទួល​ការវះកាត់ប្ដូរមុខ​ជាលើកទី ២ ដែលនេះត្រូវបាន​គេចាត់ទុកថា​ ជារឿងលើកដំបូង​នៅលើ​ពិភពលោក។ លោក Hamon មានអាយុ ៤៣ឆ្នាំ បានកើតជំងឺមួយ​ឈ្មោះថា neurofibromatosis ប្រភេទទី ១ (ជំងឺហ្សែនម្យ៉ាង​បង្កឱ្យមាន​ដុំសាច់ធ្ងន់ធ្ងរ​ ខុសប្រក្រតី​នៅលើ​ផ្ទៃមុខ)។ លោក​បានទទួល ការវះកាត់​ប្ដូរមុខលើកទី ១ កាលពីឆ្នាំ២០១០ ប៉ុន្តែរាងកាយ​របស់លោកនៅពេល​នោះ បានធ្វើទុក្ខ ដោយវាជាសញ្ញាមិនទទួលស្គាល់​មុខថ្មីនេះទេ ដូច្នេះទើបវា​ត្រូវបានក្រុមគ្រូពេទ្យវះកាត់យក​ចេញ​វិញ កាលពី​ឆ្នាំ២០១៧។

ការវះកាត់នេះ​ធ្វើឱ្យបុរសរូបនេះ គ្មានមុខ គ្មានត្របកភ្នែក គ្មានត្រចៀក គ្មានស្បែកមុខ និងមិនអាច​និយាយ ឬហូបអ្វីបាននោះទេ។ គាត់ត្រូវបន្តស្នាក់​នៅមន្ទីរពេទ្យ​រយៈពេល ០២ខែ រហូតដល់ទទួល​បានការវះកាត់ប្ដូរ​មុខជាលើកទី ២ កាលពី​ខែមករា ឆ្នាំ២០១៨ ដោយទទួលអំណោយ​ពីផ្ទៃមុខជា​លើកទី ២ ដែរ។ ប៉ុន្តែនៅលើកនេះ ដើម្បីបញ្ជៀស​ការបដិសេធ​ពីរាងកាយ​របស់លោក ក្រុមវេជ្ជ បណ្ឌិត​បានជំនួសឈាម​ទាំងអស់ នៅក្នុងរាងកាយ​របស់ លោក Hamon មុននឹងដឹកនាំ​ការវះកាត់។

គួរបញ្ជាក់ថា ការវះកាត់ប្ដូរមុខ​របស់លោក Hamon ទទួលបានអំណោយ​ពីបុរសម្នាក់អាយុ ៦០ឆ្នាំ ហើយជាមួយមុ​ខទី ២ ថ្មី បុរស​វ័យ ៤៣ឆ្នាំ រូបនេះបាននិយាយ​បែបកំប្លែងថា លោករង់ចាំពេល​នេះអស់រយៈពេល​រាប់ទសវត្សរ៍មកហើយ។ «ខ្ញុំមានអាយុ ៤៣ឆ្នាំ ហើយអ្នក​ផ្ដល់អំណោយ​មុខ​ឱ្យខ្ញុំមាន​អាយុ ២២ឆ្នាំ។ ដូច្នេះខ្ញុំបានកា្លយ​ជាមនុស្សមាន​អាយុ ២០ឆ្នាំ»។ នេះជាការ​លើកឡើង​របស់​លោក Jerome Hamon នៅក្នុងបទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​បារាំង។

ដោយឡែក បើតាម BBC ការវះកាត់ផ្លាស់ប្ដូរ​មុខលើកទី ១ ត្រូវបានធ្វើឡើង​កាលពី​ឆ្នាំ២០០៥ នៅភាគខាងជើង​ប្រទេសបារាំង ហើយចាប់ពី​ពេលនោះមក ការវះកាត់របៀប​នេះចំនួន ៤០លើក កើតមានឡើង​នៅលើ​ពិភពលោក៕