BREAKING NEWS: គ្រោះរញ្ជួយដី ៥.៩រ៉ិចទ័រ វាយប្រហារអ៊ីរ៉ង់, ក្បែររោងចក្រថាមពលនុយក្លេអ៊ែរ!
19-04-2018 15:58
(តេហេរ៉ង់)៖ គ្រោះរញ្ជួយដីដ៏កក្រើកមួយ អាចមានកម្រិតចាប់ពី ៥.៥រ៉ិចទ័រ ទៅ ៥.៩រ៉ិចទ័រ បានវាយប្រហារតំបន់ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ក្បែរនឹងស្ថានីយថាមពលនុយក្លេអ៊ែរតែមួយគត់ របស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ ប៉ុន្តែភ្លាមៗបែបនេះ ពុំទាន់មានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះ ឬក៏ការបំផ្លិចបំផ្លាញបង្កឡើងដោយគ្រោះធម្មជាតិនេះ នៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨។
បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS គ្រោះរញ្ជួយផែនដីខាងលើ បានវាយប្រហារនៅចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ភាគខាងកើតទីក្រុង ប៊ូហ្សេហ៍ (Bushehr) របស់អ៊ីរ៉ង់ ដែលជាជម្រកនៃស្ថានីយថាមពលនុយក្លេអ៊ែរ Bushehr។ បើតាម USGS គ្រោះរញ្ជួយដីនេះមានកម្រិត ៥.៥រ៉ិចទ័រ ខណៈស្ថានីយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ផ្ទាល់ ដែលបានស្រង់សម្តីពីមន្រ្តីជំនាញអ៊ីរ៉ង់ បានអះអាងថាវាមានកម្រិត ៥.៩រ៉ិចទ័រ។
គួរជម្រាបថា ខណៈពេលនេះ គេពុំទាន់ឃើញមាននោះឡើយ នូវសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះ ឬក៏ខូចខាតប៉ះពាល់ដល់ស្ថានីយ Bushehr ដែលធ្លាប់ប្រឈមមុខនឹងគ្រោះរញ្ជួយជាច្រើនលើក កាលពីលើកមុនៗ និងត្រូវបានគេកសាងឡើង ដើម្បីអត់ធន់នឹងការបំផ្លិចបំផ្លាញពីកម្លាំងរំញ័រគ្រោះរញ្ជួយ។ ជាមួយគ្នានេះ អាជ្ញាធរអ៊ីរ៉ង់បានបញ្ជាក់ថា ហេតុការណ៍នេះ ពុំបានប៉ះពាល់ដល់ការធ្វើប្រតិបត្តិការជាប្រចាំ នៅឯស្ថានីយនុយក្លេអ៊ែរឡើយ៕