(តូក្យូ)៖ អាជ្ញាធរឧតុនិយមជប៉ុន (JMA) បានឱ្យដឹងថា ភ្នំភ្លើងគឺរីស៊ីម៉ា (Kirishima) ស្ថិតនៅភាគនិរតីនៃកោះ គ្យូស៊ុ (Kyushu) បានផ្ទុះនៅថ្ងៃព្រហស្បតិ៍នេះ ជាមួយការបញ្ចេញកម្អែលផេះយ៉ាងខ្មួលខ្មាញ់ទៅលើអាកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨។
យោងតាម JMA ភ្នំភ្លើងនេះបានផ្ទុះនៅម៉ោង ៣៖៣៤នាទី (ម៉ោងនៅក្នុងតំបន់) ស្ថិតនៅរយៈកម្ពស់ ១,៧០០ម៉ែត្រ។ Kirishima គឺជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងនៅក្នុងតំបន់ Ebino ដែលលាតសន្ធឹងរហូតដល់ ខេត្ត កាហ្គោស៊ីម៉ា (Kagoshima) និងខេត្តមីយ៉ាសាគិ (Miyazaki)។
JMA ក៏បានបញ្ជាក់ដែរថា ខ្លួនបានចេញផ្សាយនូវកម្រិតប្រកាសអាសន្នលេខ ៣ (បង្គួរ) ទៅកាន់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយមិន ត្រូវធ្វើដំណើរទៅក្បែរតំបន់ភ្នំភ្លើងផ្ទុះនេះឡើយ៕