(បាងកក)៖ នាយកប្រតិបត្តិក្រុមហ៊ុន Alibaba Group លោក ជែក ម៉ា (Jack Ma) បានធ្វើដំណើរទៅដល់វិមានរដ្ឋាភិបាលថៃហើយ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់ អូចា និងឧបនាយករដ្ឋមន្ត្រី លោក សុំឃីដ ចាទូស្រីភីតាក់ (Somkid Jatusripitak) ព្រមទាំងចុះហត្ថលេខាផងដែរលើ អនុស្សណៈនៃការយោគយល់គ្នា (MoUs) ស្ដីពីការវិនិយោគ e-commerce និងទេសចរណ៍ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨។
លោក Jack Ma បានបង្ហាញខ្លួននៅវិមានរដ្ឋាភិបាលថៃ នៅម៉ោង ១០៖០០នាទីព្រឹកមិញនេះ រីឯលោក Somkid បានទទួលស្វាគមន៍ និងនាំរូបលោកចូលបន្ទប់ប្រជុំ។ ជាមួយគ្នានោះដែរ បើតាម Bangkok Post មហាសេដ្ឋីចិនរូបនេះ ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើ MoUs ចំនួន០៤ស្ដីពីការវិនិយោគ គិតជាទឹកប្រាក់ជាង ១១ពាន់លានបាត (ជាង ៣៥២លានដុល្លារ) លើវិស័យពាណិជ្ជកម្ម ឌីជីថល ការលើកកម្ពស់ទេសចរណ៍ឌីជីថល ការបណ្ដុះបណ្ដាល e-commerce សម្រាប់សហគ្រិនខ្នាតតូច និងមធ្យមជាដើម។
គួរបញ្ជាក់ថា លោក Jack Ma ក៏ត្រូវបានគេរំពឹងដែរថា នឹងបង្កើតសេវាកម្មភ្ជាប់ទៅដោយបច្ចេកវិទ្យាដឹកជញ្ជូនទិន្នន័យ ដែលអាចនឹង បម្រើដល់ការដឹកជញ្ជូនរវាងប្រទេសថៃ និងចិន រួមទាំងតំបន់ព្រំដែនជាប់កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម៕