(ប៉េកាំង)៖ វិទ្យាស្ថានផលិតយន្តហោះដ្រូនយោធា (Drone) ឈានមុខគេមួយរបស់ប្រទេសចិន កំពុងធ្វើការអភិវឌ្ឍយន្តហោះដ្រូនមិនបំពាក់សព្វាវុធ ដើម្បីងាកទៅជ្រៀតចូលក្នុងទីផ្សារស៊ីវិលវិញម្តង ដែលមានការរីកដុះដាលហួសពីការរំពឹងទុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨។
លោក Shi Wen ប្រធានផ្នែករចនានៃយន្តហោះដ្រូនប្រភេទ Caihong ឬមានន័យឥន្ធនូ នៅឯវិទ្យាស្ថាន China Academy of Aerospace Aerodynamics ក្នុងទីក្រុងប៉េកាំង បានប្រកាសឲ្យដឹងថា វិទ្យាស្ថានបានសម្រេចចិត្តធ្វើការអភិវឌ្ឍ ក៏ដូចជាផលិតយន្តហោះដ្រូនដែលពុំមានបំពាក់សព្វាវុធ តែមានលក្ខណៈស្រដៀងនឹងយន្តហោះដ្រូនយោធា CH-4 និង CH-5 សម្រាប់ការប្រើប្រាស់ក្នុងវិស័យស៊ីវិលទូទៅ។
គួរជម្រាបថា បើតាមលោក Shi យន្តហោះដ្រូនស៊ីវិលដែលគ្រោងអភិវឌ្ឍន៍ឡើងទាំងនេះ នឹងមានសមត្ថភាពអនុវត្តន៍ប្រតិបត្តិការជាច្រើនប្រភេទ រួមមានទាំងការអង្កេតមើលដី, ការត្រួតពិនិត្យបរិស្ថាន, និងការឃ្លាំមើលតាមដែនសមុទ្រជាដើម។ វិទ្យាស្ថាន China Academy of Aerospace Aerodynamics គឺជាអ្នកនាំចេញយន្តហោះដ្រូនយោធាដ៏ធំជាងគេរបស់ប្រទេសចិន បើគិតពីចំនួនផលិតផល ដែលបានលក់ដាច់ចេញទៅក្រៅប្រទេស ដោយយន្តហោះដ្រូនប្រភេទ CH របស់វិទ្យាស្ថាននេះ ត្រូវបានប្រទេសច្រើនជាង ១០ ហើយបានទិញយក៕