(អាមេរិក)៖ កាលពីឆ្នាំ២០០៨ បំណែកនៃគ្រាប់ពេជ្រ ដែលបង្កប់នៅក្នុងដុំថ្មអវកាសមួយ បានធ្លាក់ចុះពីទីអវកាស មកចំតំបន់វាលខ្សាច់ Nubian នៃប្រទេសស៊ូដង់ ហើយបើតាមលទ្ធផលនៃការសិក្សាថ្មីមួយ គ្រាប់ពេជ្រក្នុងអាចម៍ផ្កាយនេះ គឺជាភស្តុតាងជាក់ស្តែងដំបូងបំផុត ស្តីពីភពចំណាស់ៗ ដែលមានវត្តមានកាលពីពេលប្រព័ន្ធព្រះអាទិត្យរបស់យើង ទើបកកើតឡើង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយ Space.com នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨។
នៅក្នុងការសិក្សាខាងលើ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អាចម៍ផ្កាយ Almahata Sitta ដែលធ្លាប់ជាផ្នែកនៃភពម៉្យាងដែលគេហៅថា Protoplanet ជាភពមួយក្នុងចំណោមភពពីដើមៗមួយចំនួន ដែលបានទទួលរងហេតុការណ៍ប៉ះទង្គិចគ្នា និងបាតុភូតពោពេញដោយថាមពលឯទៀតៗ ដើម្បីជាចុងក្រោយបង្កើតចេញជាភពនានា នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។
បើតាមលទ្ធផលស្រាវជ្រាវដដែល ដុំគ្រាប់ពេជ្រទាំងនេះ ដែលស្ថិតនៅក្នុងអាចម៍ផ្កាយខាងលើ មានផ្ទុកនូវកំណត់ត្រាគួរឲ្យចាប់អារម្មណ៍ អំពីភព Protoplanet ទាំងនេះ ព្រមទាំងការប៉ះទង្គិចគ្នារបស់ពួកវា ពីព្រោះថានាពេលកន្លងមកនេះ វត្តមាននៃភពចំណាស់ៗទាំងអស់នេះ គឺត្រូវបានគេទស្សន៍ទាយឡើយ តាមតែរយៈការបង្កើតទម្រង់ម៉ូដែល សម្រាប់ការធ្វើពិសោធន៍តែប៉ុណ្ណោះ។
គួរជម្រាបថា អាចម៍ផ្កាយគ្រាប់ពេជ្រទាំងនេះ ទំនងជាមានប្រភពដើមមកពីភព Protoplanet មួយ មានទំហំចន្លោះទំហំឋានព្រះច័ន្ទ និងភពព្រះអង្គារ (Mars) ដែលបានបុកទង្គិចគ្នាជាមួយវត្ថុអវកាសដទៃទៀត កាលពីអំឡុងរយៈពេល ១០លានឆ្នាំដំបូង នៃការកកើតឡើងនូវប្រព័ន្ធព្រះអាទិត្យ ហើយវាពុំនៅសេសសល់វត្តមានតទៀតនោះឡើយ នាបច្ចុប្បន្ននេះ។
គួររំលឹកបន្ថែមថា ពេលកកើតប្រព័ន្ធព្រះអាទិត្យដំបូង កាលពីជាង ៤.៦ពាន់លានឆ្នាំមុននេះ ភពនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងមានចំនួនរហូតដល់ទៅជាង ១០០ភពឯណោះ ដែលគោចរជុំវិញព្រះអាទិត្យ។ ប៉ុន្តែដោយសារតែគន្លងពួកវាស្ថិតនៅកៀកៗគ្នា ឬច្របូលច្របល់ពេក ទើបភពធំៗ និងតូចៗនានាចាប់ផ្តើមទង្គិចគ្នា ដោយភពខ្លះរួមផ្តុំគ្នាក្លាយភពធំៗ និងភពខ្លះៗទៀតក៏បានកើនទំហំ និងមានព្រះច័ន្ទច្រើន ឬតិចគោចរជុំវិញថែមទៀត៕