(គុយបា)៖ សភាគុយបា​បានសម្រេចចិត្ត​តែងតាំង​ដៃស្ដាំ​របស់លោក រ៉ាអ៊ូល ខាស្ត្រូ (Raúl Castro) គឺលោក មីហ្គែល ឌីយ៉ាស់ ខាណែល (Miguel Díaz-Canel) វ័យ ៥៧ឆ្នាំ ជាបេក្ខជនតែ
ម្នាក់គត់ដែល​នឹងត្រូវបន្តដំណែង​ជាប្រធានាធិបតី​គុយបា ហើយក៏វានឹងក្លាយ​ជាការបិទបញ្ចប់​ផងដែរ​ នូវការដឹកនាំ​ប្រទេសរបស់​ត្រកូល Castro អស់រយៈពេលជាង ០៦ទសវត្សរ៍​មកនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨។

លោក Raúl Castro បានឡើងកាន់​តំណែងជាប្រធានាធិបតី​គុយបា ជំនួសបងប្រុស​របស់លោក គឺលោក ហ្វីឌែឡ ខាស្ត្រូ (Fidel Castro) តាំងតែពី ឆ្នាំ២០០៦ មកម្ល៉េះ។ ប៉ុន្តែលោកត្រូវ​បានគេរំពឹងថា​ នឹងលាលែងពីតំណែង​នៅក្នុង​សប្ដាហ៍នេះ បន្ទាប់ពី​សភាគុយបា តែងតាំង​លោក Miguel Díaz-Canel ជាបេក្ខជន​តែម្នាក់គត់​ ដែលនឹងត្រូវបន្ត​កាន់ដំណែង​ពីរូបលោក។ យ៉ាងណា​ក៏ដោយ លោក Raúl Castro ត្រូវ​គេជឿជាក់ដដែលថា​ នឹងនៅតែមាន​អំណាចនៅក្នុង​គណបក្សកុម្មុយនិស្ដ បើទោះ​ជាលោកលាលែង​ពីដំណែងក៏ដោយ ហើយម្យ៉ាងវិញ ទៀតលោក​នឹងអាចដឹកនាំ​គណបក្សកុម្មុយនិស្ដ​គុយបា រហូតដល់​សមាជបក្ស​នៅឆ្នាំ២០២១ ឯណោះ។

គួរបញ្ជាក់ថា សភាគុយបា​បានបោះឆ្នោត​តែងតាំង លោក Miguel Díaz-Canel ជាបេក្ខជន​ប្រធានាធិបតី​កាលពីថ្ងៃពុធ រីឯលទ្ធផលផ្លូវការគ្រោង​នឹងត្រូវប្រកាស ​នៅថ្ងៃព្រហស្បតិ៍​នេះ (ម៉ោងនៅក្នុង​ប្រទេស​គុយបា)។ សម្រាប់​មូលហេតុនៃការលែង​ពីតំណែងរបស់ លោក Castro ពេលនេះ​ គឺមិនទាន់មានការបញ្ជាក់​ឲ្យ​បានច្បាស់លាស់​​នោះឡើយ ប៉ុន្តែបច្ចុប្បន្ននេះ លោក​មានវ័យ ៨៦ឆ្នាំ ដែលវ័យជរាទៅ​ហើយ៕