Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Pacquiao ឡើងវ៉ៃដណ្តើមខ្សែក្រវាត់ WBA ទល់នឹងជើងខ្លាំង Matthysse ថ្ងៃទី១៥ កក្កដា

19-04-2018 11:36

(ម៉ានីល)៖ ខ្លាកំណាចប្រចាំទ្វីបអាស៊ី Manny Pacquiao នឹងឡើងវ៉ៃដណ្តើមខ្សែក្រវាត់ WBA របស់កីឡាករអាហ្សង់ទីន Lucas Matthysse នៅទីក្រុងកូឡាឡាំពួរ (Kuala Lumpur) ប្រទេសម៉ាឡេស៊ី នាថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨នេះថា នេះជាការជួបគ្នារវាង ជើងខ្លាំងទាំងពីរ ហើយក៏ជាការឡើងសង្វៀនលើកទី១ផងដែរ ប្រចាំឆ្នាំ២០១៨ របស់កីឡាករនិម្មិតរូបហ្វីលីពីន វ័យ៣៩ឆ្នាំ Manny Pacquiao គិតចាប់តាំងពីបានរបូតខ្សែក្រវាត់ WBO ក្រោមថ្វីដៃកីឡាករអូស្ត្រាលី Jeff Horn កាលពីខែកក្កដា ឆ្នាំ២០១៧។

អតីតម្ចាស់ជើងឯកខ្សែក្រវាត់ពិភពលោក ៨សម័យកាល Pacquiao បានថ្លែងប្រាប់ BBC ថា «ជំនួបទល់នឹង Matthysse ពុំមានមែនជាការប្រកួតចុងក្រោយរបស់ខ្ញុំនោះទេ។ ខ្ញុំចង់ឲ្យអ្នករាល់គ្នាចងចាំ មិនត្រឹមតែខ្ញុំឈ្នះខ្សែក្រវាត់ នោះទេ។ ខ្ញុំនឹងបន្តនៅទីនេះក្នុងនាមជាអ្នកប្រដាល់ អាជីពមួយនេះមិនទាន់ត្រូវបានបញ្ចប់នោះទេ»។

Manny Pacquiao ដែលមានកម្ពស់ ១.៦៨សង់ទីម៉ែត្រ ទម្ងន់ ៧០គីឡូក្រាម ធ្លាប់ឡើងសង្វៀនសរុបបានចំនួន ៦៨ដង ក្នុងនោះឈ្នះ៥៩ដង ស្មើ២ដង ចាញ់៧ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់នៅលើសង្វៀនបាន ៣៨ដង (KO) ខណៈគូប្រជែង Lucas Matthysse ម្ចាស់ខ្សែក្រវាត់ WBA World Weterweight វ័យ៣៥ឆ្នាំ ធ្លាប់ឡើងវ៉ៃបាន ៤៤ដង ឈ្នះ៣៩ដង មិនដែលស្មើ ចាញ់៤ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន ៣៦ដង៕