(ពិភពលោក)៖ ខណៈដែលមជ្ឈដ្ឋានអន្តរជាតិ កំពុងតាមដានទៅលើកិច្ចជំនួបដ៏កម្រ រវាងមេដឹកនាំមហាអំណាចសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ និងកំពូលមេដឹកនាំផ្ដាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះ សំណួរដ៏សំខាន់មួយត្រូវបានលើកឡើង តើកិច្ចប្រជុំនេះនឹងត្រូវបានរៀបចំនៅទីតាំងណា?
លោក ដូណាល់ត្រាំ ត្រូវបានគេស្គាល់ថាជាមនុស្សដែលមិនចូលចិត្តធ្វើដំណើរច្រើន ខណៈដែលលោក គីម ជុងអ៊ុន មេដឹកនាំប្រទេសដ៏កា ក៏កាន់តែជាមនុស្សដែលមិនងាយធ្វើដំណើរចេញក្រៅប្រទេស។ ជាក់ស្តែង លោកមិនបានចេញដំណើរទៅក្រៅប្រទេស ចាប់តាំងពីលោកកាន់អំណាច ក្នុងឆ្នាំ២០១១ មកម្ល៉េះ។ ហេតុនេះហើយ បានតាំងនៃកិច្ចប្រជុំ ក្លាយជាប្រធានបទដ៏ក្តៅមួយ។ តើមេដឹកនាំដែលសុទ្ធតែជាជើងខ្លាំងពីរ អាចសម្របគ្នាដើម្បីស្វែងរកទីតាំងរួមបានដែរឬទេ?
ដោយពឹងផ្អែកលើហេតុផលមួយចំនួន អ្នកវិភាគមានទស្សនៈយល់ឃើញខុសគ្នា អំពីទីតាំងដែលនៃកិច្ចប្រជុំ ដែលក្នុងនោះមានដូចជា៖
១៖ តំបន់គ្មានទ័ព
ភូមិ Panmunjom ស្ថិតក្នុងតំបន់គ្មានទ័ពរវាងប្រទេស កូរ៉េទាំងពីរ អាចជាជម្រើសមួយសម្រាប់អាមេរិក និងកូរ៉េខាងជើង។ កិច្ចប្រជុំជាញឹកញាប់ ត្រូវបានរៀបចំក្នុងបន្ទប់សន្និសិទតូចមួយ ដែលស្ថិតនៅលើបន្ទាត់ព្រំដែន មានច្រកចូលពីប្រទេសទាំងសងខាង។
ដោយឡែកវិមានសន្តិភាពដែលស្ថិតនៅក្នុងភូមិ Panmunjom ដដែល ប៉ុន្តែស្ថិតក្នុងដែនដីកូរ៉េខាងត្បូង ជាអគារដែលមានទំហំធំជាងនេះ ក៏ទំនងជាទីតាំងសាកសមសម្រាប់ ភាគីទាំងពីរផងដែរ។ គួររំឮកថា តំណាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានធ្វើកិច្ចជំនួបនៅទីនេះ ដើម្បីការគ្រោងរៀបចំការចូលរួមរបស់កូរ៉េខាងជើង ក្នុងព្រឹត្តិការណ៍អូឡាំពិកនាពេលកន្លងមក។ លោក គីម ក៏ធ្លាប់បានលើកឡើងផងដែរថា លោកនឹងធ្វើដំណើរទៅទីនោះ ដើម្បីធ្វើកិច្ចជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង។
២៖ រដ្ឋធានីប៉េកាំង ប្រទេស ចិន
ប្រសិនបើភាគីទាំងពីររូបមិនចង់ធ្វើកិច្ចជំនួបនៅសហរដ្ឋអាមេរិក ឬកូរ៉េខាងជើងនោះ ប្រទេស ចិន ត្រូវបានអ្នកវិភាគខ្លះលើកឡើងថា ជាទីតាំងដ៏សាកសមមួយ។ ប្រទេសចិនគឺជាសម្ព័ន្ធមិត្តដ៏សំខាន់តែមួយគត់នៃប្រទេសកូរ៉េខាងជើង ទោះបីជាទំនាក់ទំនងរវាងប្រទេសទាំងពីរ ហាក់មិនសូវស្អិតរមួតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្តី។ ប្រទេសចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលអតីតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអិល ធ្លាប់បានធ្វើទស្សនកិច្ចក្នុងនាមជាមេដឹកនាំកូរ៉េខាងជើង។
ម្យ៉ាងវិញទៀត ប្រទេសចិនក៏ធ្លាប់បានដើរតួយ៉ាងសកម្មក្នុងការជំរុញកិច្ចចរចា រវាងគ្រប់ភាគីទាំងអស់ និងជាម្ចាស់ផ្ទះនៃកិច្ចចរចា ៦ ភាគីកាលពីមួយទសវត្សរ៍មុនផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បាននិយាយកាលពីថ្ងៃសុក្រកន្លងទៅនេះថាប្រទេសចិនស្វាគមន៍ជានិច្ចចំពោះកិច្ចប្រជុំនេះ ព្រមទាំងនឹងបន្តខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បី "ដោះស្រាយវិបត្តិនុយក្លេអ៊ែរដោយសន្តិភាព" ។ ប៉ុន្តែលោកមិនបានឆ្លើយដោយផ្ទាល់អំពីសំណួរថាតើទីក្រុងប៉េកាំងនឹងក្លាយជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនេះឬយ៉ាងណានោះទេ។
៣៖ រដ្ឋធានីព្យុងយ៉ាង ប្រទេស កូរ៉េខាងជើង
រដ្ឋធានីរបស់កូរ៉េខាងជើង ធ្លាប់ក្លាយជាទីតាំងសម្រាប់រៀបចំកិច្ចប្រជុំកំពូលៗរវាងមេដឹកនាំកូរ៉េខាងជើង និងសហរដ្ឋអាមេរិកពីមុនមក។ អតីតប្រធានាធិបតី ជីមី ខាទ័រ និងលោក ប៊ីល គ្លីនតុន ធ្លាប់បានធ្វើទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលអន្តរកូរ៉េ នៅទីនោះកាលពីឆ្នាំ២០០០ និង២០០៧។ លោក គីម ប្រហែលជាចង់ឱ្យ លោកត្រាំ បានទស្សនា និងសម្តែងចាប់អារម្មណ៍ លើក្បួនព្យុះហយាត្រា និងការសម្តែងផ្សេងៗរបស់ខ្លួន។ រំឮកដល់អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក Madeleine K.Albright ក៏ធ្លាប់បានមកធ្វើ ទស្សនកិច្ច នៅទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០០០ ដើម្បីព្យាយាមបញ្ចុះបញ្ចូលលោក គីម ជុងអិល ឱ្យបញ្ឈប់កម្មវិធីមីស៊ីលនោះផងដែរ។
៤៖ ទីក្រុង បឺន (Bern) ប្រទេស ស្វីស
លោក គីម ជុងអ៊ុន ធ្លាប់បានទៅសិក្សានៅប្រទេសស្វីស នៅចុងទសវត្សឆ្នាំ១៩៩០ ជាទឹកដីក្រៅប្រទេសមួយដែលលោកធ្លាប់បានរស់នៅ។ ម្យ៉ាងវិញទៀត ទីក្រុងបឺន ជាទីក្រុងអព្យាក្រឹតរបស់ប្រទេស ស្វីស ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំជាន់ខ្ពស់ជាច្រើន ជាក់ស្តែងសូម្បីកិច្ចប្របជុំរវាងលោកប្រធានាធិបតី រ៉ូណាល់ រីហ្គេន និងមេដឹកនាំសូវៀតលោក មីខាល ហ្គោបាឆូវ ក្នុងឆ្នាំ១៩៨៥ ក៏ត្រូវបានរៀបចំនៅទីនោះផងដែរ។ មេដឹកនាំកូរ៉េខាងជើង អាចនឹងមិនពិបាកសម្របខ្លួន ក្នុងការធ្វើដំណើរទៅកាន់ប្រទេស ដែលលោកធ្លាប់រស់នៅ និងសិក្សាកាលពីមុន។
៥៖ រដ្ឋធានីស្តុកហូលម៍ (Stockholm) ប្រទេស ស៊ុយអ៊ែត
ប្រទេសស៊ុយអ៊ែត ត្រូវបានគេចាត់ទុកជាអន្តរការីសំខាន់រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។ សហរដ្ឋអាមេរិក មិនមានស្ថានទូតនៅកូរ៉េខាងជើង នោះទេ ហេតុនេះស៊ុយអ៊ែតបានផ្តល់សេវាកម្ម កុងស៊ុល សម្រាប់ជនជាតិអាមេរិក ក្នុងរួមទាំងការជួបជាមួយប្រជាពលរដ្ឋដែលត្រូវបានដាក់ពន្ធនាគារនៅកូរ៉េខាងជើងផងដែរ។ ប្រទេសស៊ុយអែត ក៏ជាទីកន្លែងនៃកិច្ចពិភាក្សារវាងមន្រ្តីកូរ៉េខាងជើង និងអ្នកជំនាញមកពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងបណ្តាប្រទេសដទៃទៀតផងដែរ។
ម្យ៉ាងវិញទៀត កាលពីសប្តាហ៍មុន កាសែត Dagens Nyheter បានរាយការណ៍ថា លោក Ri Yong-ho រដ្ឋមន្រ្តីការបរទេសរបស់កូរ៉េខាងជើង នឹងធ្វើទស្សនកិច្ចនៅប្រទេសស៊ុយអ៊ែតឆាប់ៗនេះ ដែលជំរុញឱ្យមានការសង្ស័យ ថា វាអាចជាទីតាំងនៃកិច្ចប្រជុំ។
៦៖ កោះជេជូ (Jeju) ប្រទេសកូរ៉េខាងត្បូង
អភិបាលកោះជេជូ របស់កូរ៉េខាងត្បូង បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំនៅទីនោះ។ កោះដែលស្ថិតនៅភាគខាងត្បូង នៃឧបទ្វីបកូរ៉េនេះ គឺជាគោលដៅទេសចរណ៍មួយ មានទំហំតូច និងប្រជាជនតិចតួច អាចធ្វើរក្សាសន្តិសុខគ្រប់គ្រាន់ និងមានភាពងាយស្រួលជាងនៅទីក្រុងធំមួយដូចជា ក្រុងសេអ៊ូលរដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូង។
៧៖ រដ្ឋធានី អ៊ូឡានបាទីន (Ulan Bator) ប្រទេសម៉ុងហ្គោលី
ប្រទេសម៉ុងហ្គោលី ដែលមានព្រំប្រទល់ជាមួយប្រទេសរុស្ស៊ី និងប្រទេសចិន បានបន្តគោលនយោបាយអព្យាក្រឹត្យក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ព្រមទាំងមានទំនាក់ទំនងល្អ ជាមួយសហរដ្ឋអាមេរិកនិង កូរ៉េខាងជើង។ លោក Tsakhiagiin Elbegdorj អតីតប្រធានាធិបតីម៉ុងហ្គោលី បានបង្ហោះសារស្វាគមន៍សម្រាប់ការរៀបចំកិច្ចប្រជុំ នៅក្នុងរដ្ឋធានីអ៊ូឡានបាទីន ។ ហេតុនេះប្រទេសម៉ុងហ្គោលីគឺជាទឹកដីដែលសមរម្យ និងអព្យាក្រឹតជាងគេបំផុតសម្រាប់កិច្ចប្រជុំនេះ។
ដោយឡែកអ្នកវិភាគមួយចំនួនទៀត បានលើកឡើងថា កិច្ចប្រជុំជាប្រវត្តិសាស្ត្ររវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង អាចនឹងត្រូវបានរៀបចំនៅប្រទេសណាមួយនៅអាស៊ី ឬអឺរ៉ុប ឬលើនាវាក្នុងដែនសមុទ្រអន្តរជាតិ។ ដោយពិនិត្យលើហេតុផលខាងលើ ទីតាំងទាំងអស់ដែលបានលើកឡើង សុទ្ធតែអាចសាកសមជាទីតាំងកិច្ចជំនួបដ៏កម្ររវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក។ យ៉ាងនេះក្តី វាគ្រាន់តែជាការសន្និដ្ឋានតែប៉ុណ្ណោះ ទីតាំងពិតប្រាកដវាអាស្រ័យទៅលើការសម្រេច និងព្រមព្រៀងរវាងភាគីទាំងពីរ៕
បកប្រែ និងសម្រួលដោយ អ៊ឹត ចណ្ណា