(វ៉ាស៊ីនតោន)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងទៀតហើយ នៅសហរដ្ឋអាមេរិក បានធ្វើការចុះចតយ៉ាងទាន់ហន់នាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) នៅឯទីក្រុង អាត្លង់តា (Atlanta) នៃរដ្ឋចរជា (Georgia) ភាគអាគ្នេយ៍ប្រទេស ក្រោយពីម៉ាស៊ីនយន្តហោះ នោះបានចាប់ផ្តើមបញ្ចេញផ្សែងមកខាងក្រៅយ៉ាងខុសប្រក្រតី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨។
ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Delta Arilines ដែលជាប្រតិបត្តិកររបស់យន្តហោះ បានបញ្ជាក់ថា ឧប្បត្តិហេតុខាងលើ ពិតជាបានកើតឡើងប្រាកដមែន និងបានឲ្យដឹងទៀតថា ជើងហោះហើរដែលមានគោលដៅឆ្លងប្រទេស ឆ្ពោះទៅកាន់ទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេសនេះ បានជួបប្រទះបញ្ហាជាមួយម៉ាស៊ីនលេខពីរ នៅស្លាបចំហៀងខាងស្តាំរបស់វា បន្ទាប់ពីយន្តហោះនេះ បានធ្វើការហោះចាកចេញពីព្រលានយន្តហោះ នាវេលាម៉ោង ០៦៖០០នាទីយប់ថ្ងៃពុធ (ម៉ោងក្នុងតំបន់) បានតែបាបប្រមាណជា ៣០នាទីប៉ុណ្ណោះ វាក៏វិលត្រឡប់មកចុះចតលើដីវិញ។
គួរជម្រាបថា បើតាមសេចក្តីថ្លែងការណ៍របស់អាកាសចរណ៍ Delta Airlines ហេតុការណ៍ខាងលើពុំបានបង្កឲ្យនរណាម្នាក់នៅលើយន្តហោះ ដែលមានផ្ទុកអ្នកដំណើរចំនួន ២៧៤នាក់នេះ បានជួបគ្រោះថ្នាក់នោះឡើយ។ ដោយឡែក នៅមួយថ្ងៃមុនកើតមានរឿងនេះ យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing មួយគ្រឿងទៀតរបស់អាកាសចរណ៍អាមេរិក Southwest Airlines ក៏បានធ្វើការចុះចតជាបន្ទាន់ដូចគ្នា ក្រោយពីម៉ាស៊ីនមួយគ្រឿងរបស់វាបានផ្ទុះខូច នៅពាក់កណ្តាលផ្លូវហោះហើរ ហើយក្រោយពីហេតុការណ៍នេះបានបញ្ចប់ អ្នកដំណើរជាស្តី្រម្នាក់ បានបាត់បង់ជីវិតនៅឯមន្ទីរពេទ្យ បន្ទាប់ពីរងរបួសធ្ងន់ ដោយសារត្រូវកម្លាំងខ្យល់កញ្ឆក់ និងស្រូបទាញពាក់កណ្តាលខ្លួន ចេញទៅតាមបង្អួចដែលបានបែក ពីព្រោះតែការផ្ទុះម៉ាស៊ីនយន្តហោះ៕