ឥណ្ឌូណេស៊ី៖ គ្រោះរញ្ជួយដីវាយប្រហារខេត្តជ្វា «ផ្តាច់ជីវិតមនុស្ស០២នាក់ និង២១នាក់របួស» ខណៈហេដ្ឋារចនាសម្ព័ន្ធនានា រងការខូចខាតយ៉ាងដំណំ!
19-04-2018 10:15
(ហ្សាការតា)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា មនុស្ស០២នាក់បានស្លាប់ និង ២១នាក់ទៀតបានរងរបួស ខណៈអគារច្រើនជាង ៣០០ខ្នងត្រូវបានបំផ្លាញ ដោយសារតែគ្រោះរញ្ជួយដីនៅលើខេត្តជ្វា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨។
យោងតាមអ្នកនាំពាក្យ នៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី លោក ស៊ូតូផូ នូក្រូហូ (Sutopo Purwo Nugroho) ផ្ទះប្រជាជនចំនួន ៣១៦ខ្នង, វិហារអ៊ីស្លាម ០៤ខ្នង និងសាលារៀង០២ខ្នង ត្រូវបានបំផ្លាញ រីឯមនុស្ស ២,១០៤នាក់ បានរត់ចេញពីផ្ទះសម្បែង ទៅស្នាក់នៅក្នុងជំរុំបណ្ដោះអាសន្ន។ លោក Nugroho បន្ថែមថា ទាហានសរុប ២០០នាក់ និងក្រុមអ្នកជួយសង្រ្គោះជាច្រើននាក់ទៀត បានចូលរួមនៅក្នុងប្រតិបត្តិការជួយសង្រ្គោះ នៅឯតំបន់រងគ្រោះ ជាពិសេសគឺតំបន់ កាលីបេនីង (Kalibening) នៃស្រុក បានហ្សាណេហ្គារ៉ា (Banjarnegara)។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារភូមិសាស្ត្រ និងឧតុនិយមអូស្ត្រាលី គ្រោះរញ្ជួយដីកម្រិត មធ្យម ៤.៤រ៉ិចទ័រ និងមានជម្រៅរញ្ជួយទៅក្នុងដី ០៤គីឡូម៉ែត្រ បានវាយប្រហារលើខេត្តជា្វ (Java) នៅម៉ោង ១៣៖២៨រសៀល កាលពីថ្ងៃពុធម្សិលមិញ៕