(វ៉ាស៊ីនតោន)៖ ទីបំផុតកែវយឺតអវកាស TESS ត្រូវបានអង្គការ NASA ធ្វើការបាញ់បង្ហោះចេញពីស្ថានីយទ័ពអាកាស Cape Canaveral ក្នុងរដ្ឋផ្លូរីដា កាលពីវេលាម៉ោង ១៨៖៥១នាទីល្ងាចថ្ងៃពុធ (ពេលវេលានៅវ៉ាស៊ីនតោន ត្រូវនឹងព្រឹកព្រហាមថ្ងៃព្រហស្បតិ៍ ពេលវេលានៅអាស៊ីខាងកើត) ក្រោយពីការពន្យាពេលអស់ពីរថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨។
វាមិនខុសពី James Webb ដែលមានតម្លៃ ៨.៨ពាន់លានដុល្លារនោះឡើយ ដែលត្រូវបានពន្យាពេលជាច្រើនដង រហូតដល់ទៅខែឧសភា ឆ្នាំ២០២០ ប៉ុន្តែសម្រាប់ TESS វិញ មិនចាំបាច់ត្រូវចាំយូរដូច្នេះឡើយ ដោយកែវយឺតអវកាសមានសមត្ថភាពអង្កេតផ្កាយចម្ងាយរហូតដល់ ៣០០ឆ្នាំពន្លឺនេះ នឹងត្រូវចាកចេញពីផែនដី តាមការកំណត់ជាថ្មីនៅរយៈពេលពីរថ្ងៃទៀតប៉ុណ្ណោះ។ ផ្នែកគ្រប់គ្រងការបាញ់បានអះអាងថា «ពន្យាពេលដើម្បីពិនិត្យបច្ចេកទេសឡើងវិញពេលនេះ ប្រសើរជាជាងការបាត់បង់វា»។
ការបាញ់បង្ហោះកែវយឺតអវកាសថ្មីមួយរបស់ NASA ដែលមានតម្លៃរហូតដល់ទៅ ៣៣៧លានដុល្លារ និងមានទំហំប៉ុនម៉ាស៊ីនបោកខោអាវមួយគ្រឿងនោះ កាន់តែខិតកៀកជិតមកដល់មែនទែនហើយ ដោយគោលដៅសំខាន់របស់វា គឺស្វែងរកភពផ្សេងនៅប្រព័ន្ធព្រះអាទិត្យផ្សេង ដែលមានលក្ខណៈស្រដៀងនឹងភពផែនដីយើង។ ព័ត៌មានអំពីកែវយឺតអវកាស TESS គឺមានជាបន្តបន្ទាប់ ខណៈដែលវាត្រៀមនឹងត្រូវបាញ់បង្ហោះជាថ្មីនៅថ្ងៃពុធ ទី១៨ខែមេសាដោយប្រើប្រាស់គ្រាប់រ៉ុក្កែត SpaceX Falcon 9 ចេញពីស្ថានីយ Canaveral នៃរដ្ឋផ្លូរីដា ភាគអាគ្នេយ៍សហរដ្ឋអាមេរិក។
គោលដៅធំបំផុតរបស់ TESS ដែលត្រូវអនុវត្តន៍ក្នុងរយៈពេល ០២ឆ្នាំ ខាងមុខនេះ គឺការអង្កេតយ៉ាងលម្អិត ទៅលើផ្កាយសរុបចំនួនជាង ២០០,០០០ ដើម្បីស្វែងរកភពនានា ដែលអាចគោចរនៅជុំវិញផ្កាយទាំងនោះ តាមរយៈការអង្កេតស្រមោលពន្លឺដែលបាំងដោយភព នៅពេលវាគោចរជុំវិញផ្កាយមេរបស់វា។ NASA បានសន្និដ្ឋានថា កែវយឺតអវកាស TESS យ៉ាងហោចណាស់ ក៏នឹងរកឃើញភពរហូតដល់ ២០,០០០ នៅបណ្តាប្រព័ន្ធផ្កាយផ្សេងៗ ក្នុងបេសកកម្មរបស់វា។
បន្ថែមពីនេះទៀត នៅក្នុងចំណោមភពដែលអាចរកឃើញ យ៉ាងហោចណាស់ក៏មានភពទំហំប្រហាក់ប្រហែលផែនដីចំនួន ៥០ និងភពតូចជាងផែនដី (ទំហំផែនដីចែកជាពីរ) យ៉ាងហោចណាស់ក៏ ៥០០ភពផងដែរ។ លោកស្រី Elisa Quintana អ្នកវិទ្យាសាស្ត្រគ្រប់គ្រងលើ TESS របស់មជ្ឈមណ្ឌលហោះហើរអវកាស Goddard របស់ NASA បានឲ្យដឹងថា «ភពទាំងនោះកំពុងតែគោចរនៅជុំវិញផ្កាយភ្លឺនោះហើយ។ យើងនឹងរកឃើញភពនានា ដែលគោចរជុំវិញផ្កាយទាំងនោះ ដែលយើងមិនអាចឃើញដោយភ្នែកទទេបាននោះឡើយ»។
បើតាមការបញ្ជាក់ដ៏គួរឲ្យរំភើបរបស់ លោកស្រី Elisa នៅពេលប៉ុន្មានឆ្នាំខាងមុខទៀតប៉ុណ្ណោះ តារាវិទូ ឬសូម្បីតែក្រុមអ្នកអង្កេតផ្ទៃមេឃពេលរាត្រី អាចចបង្អុលទៅលើផ្កាយភ្លឺៗណាមួយនៅលើមេឃ ហើយប្រាប់មនុស្សគ្រប់គ្នាផ្សេងទៀតថា នៅជុំវិញផ្កាយមួយដួងនោះ មានភពគោចរជុំវិញចំនួនប៉ុន្មាន ទំហំប៉ុណ្ណា និងមានគន្លងគោចរបែបណាទៀតផង។ វាពិតជាស្ថិតនៅអនាគត ដ៏ខ្លីខាងមុខនេះប៉ុណ្ណោះ។
ដើម្បីរុករកភព TESS នឹងប្រើប្រាស់វិធីសាស្រ្តមានឈ្មោះថា «Transit» ដែលកត់សម្គាល់មើលភាពខ្សោយចុះពន្លឺតូចៗ នៅពេលដែលភពមួយគោចរកាត់ពីមុខផ្កាយមេរបស់វា។ មធ្យោបាយនេះ គឺជាយុទ្ធសាស្រ្តដូចគ្នា ដែលត្រូវបានប្រើប្រាស់ដោយកែវយឺតអវកាស Kepler របស់ NASA ដែលមកទល់ពេលនេះ បានរកឃើញ (នៅក្រៅប្រព័ន្ធផ្កាយរបស់យើង) ពីរភាគបីនៃភពអេលៀនទាំង ៣,៧០០ភព ដែលគេបានស្គាល់។
អ្វីដែលនឹងខុសគ្នារវាងកែវយឺតប្រមាញ់ភពទាំងពីរនេះគឺថា តំបន់នៃការរុករកភពរបស់ Kepler ភាគច្រើនស្ថិតនៅយ៉ាងតិចរាប់រយឆ្នាំពន្លឺពីផែនដី ខណៈ TESS នឹងមានគោលដៅតាមស្វែងរកភពណា ដែលនៅជិតល្មម អាចឲ្យឧបករណ៍ផ្សេងទៀត ធ្វើការស្រាវជ្រាវស៊ីជម្រៅបាន ជាពិសេសនោះគឺសម្រាប់កែវយឺតអវកាសជំនាន់ថ្មីរបស់ NASA គឺ James Webb Space Telescope តម្លៃ ៨.៨ពាន់លានដុល្លារ ដែលទើបត្រូវបានពន្យាពេលបាញ់បង្ហោះសាជាថ្មីម្តងទៀត ទៅដល់ឆ្នាំ២០២០វិញ៕