ប្រទេសតួកគី «ត្រៀមរៀបចំការបោះឆ្នោតមុនអាណត្តិ» ដើម្បីបង្កើនសក្កានុពលនៃរបបដឹកនាំ ឆ្លើយតបបញ្ហាក្នុងតំបន់ ជាពិសេសសង្គ្រាមស៊ីរី...
19-04-2018 09:24
(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក តាយយ៉ីប អឺដូហ្កាន់ (Tayyip Erdogan) បានប្រកាសថា តួកគីនឹងរៀបចំការបោះឆ្នោតប្រធានាធិបតី និងសភាមុនអាណត្តិនៅថ្ងៃទី២៤ ខែមិថុនាខាងមុខនេះ ដើម្បីផ្លាស់ប្ដូរភាពទន់ខ្សោយនៃប្រព័ន្ធដឹកនាំចាស់។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨។
លោក អឺដូហ្កាន់ ធ្វើការកត់សម្គាល់បែបនេះ នៅក្រោយជំនួបជាមួយមេដឹកនាំគណបក្សជាតិនិយម MHP លោក ដេវឡេត បាសេលី (Devlet Bahceli) កាលពីថ្ងៃពុធ។ «បើទោះជាប្រធានាធិបតី និងរដ្ឋាភិបាល កំពុងធ្វើការងាររួមគ្នាក៏ដោយ ក៏ភាពទន់ខ្សោយនៃប្រព័ន្ធដឹកនាំចាស់នៅតែ ជាបញ្ហាប្រឈមដដែល»។ នេះជាការលើកឡើងរបស់លោក អឺដូហ្កាន់។ លោក អឺដូហ្កាន់ បន្ថែមថា ការវិវត្តស្ថានភាពនៅក្នុងប្រទេស ស៊ីរីក៏បានជំរុញឱ្យតួកគី ត្រូវតែផ្លាស់ប្ដូរប្រព័ន្ធដឹកនាំចាស់ផងដែរ សំដៅធ្វើយ៉ាងណាឱ្យតួកគីដើរលើផ្លូវពោពេញដោយភាពរ៉ឹងមំា នៅពេលអនាគត។
គួរបញ្ជាក់ថា លោក អឺដូហ្កាន់ បានដឹកនាំប្រទេសតួកគី តាំងតែពីឆ្នាំ២០០២ មកម្ល៉េះ រីឯការបោះឆ្នោតប្រធានាធិបតី និងសភា ដំបូងឡើយគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៩៕