(វ៉ាស៊ីនតោន)៖ មុននឹងជំនួបផ្លូវការជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានធ្វើឡើង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានទុកឱ្យហើយថា លោកនឹងដើរចេញពីកិច្ចប្រជុំភ្លាមៗ បើសិនជាកិច្ចចរចានោះ មិនលេចចេញជាផ្លែផ្កាអ្វីទេនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេ ក្នុងរដ្ឋផ្លូរីដាកាលពីថ្ងៃពុធ។ ថ្លែងនាឱកាសនោះ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសង្ឃឹមថា វានឹងមានកិច្ចប្រជុំប្រកបដោយផ្លែផ្កា ប៉ុន្តែបើខ្ញុំយល់ថា កិច្ចប្រជុំនោះមិនមានផលប្រយោជន៍អ្វីទេនោះ យើងនឹងមិនចូលរួមឡើយ ហើយបើសិនជាខ្ញុំចូលរួមក្នុង កិច្ចប្រជុំតែគ្មានលទ្ធផល ខ្ញុំនឹងដើរចេញពីកិច្ចប្រជុំនោះភ្លាម»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ គ្រោងនឹងជួបពិភាក្សាជាមួយ លោក គីម ជុងអ៊ុន នៅខែឧសភា ឬនៅដើមខែមិថុនាខាងមុខនេះ ដើម្បីពិភាក្សាគ្នាស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ខណៈជំនួបកំពូលអន្តរកូរ៉េរវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងលោកគីម ជុងអ៊ុន នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា នេះ៕