(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បាននិយាយថាអ៊ីរ៉ង់នឹងផលិត ក៏ដូចជាទិញអាវុធបន្ថែមដើម្បីការពារខ្លួនឯង ប្រឆាំងនឹងការឈ្លានពានណាមួយពីសំណាក់មហាអំណាច។ ទោះបីមិនបានបញ្ជាក់ចំៗថាមហាអំណាចមួយណា តែគេដឹងយ៉ាង ច្បាស់ថាលោករូហានី ចង់សំដៅលើសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។

លោក រូហានី ធ្វើការកត់សម្គាល់បែបនេះ នាឱកាសចូលរួមទស្សនាការធ្វើព្យុហយាត្រាយោធាមួយនៅថ្ងៃពុធនេះ ក្នុងទីក្រុង តេហេរ៉ង់។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបានលើកឡើងដូច្នេះថា៖«យើងសូមប្រាប់ពីពិភពលោកថាយើងនឹងផលិត ព្រមទាំងទិញអាវុធបន្ថែមដែលយើងត្រូវការដោយមិនចាំបាច់សុំការអនុញ្ញាតពីនរណាម្នាក់ឡើយ...ហើយយើងសូមប្រាប់អ្នកជិតខាង ទាំងឡាយរបស់យើងថាអាវុធទាំងនោះមិនទុកប្រឆាំងនឹងពួកគេនោះទេ ប៉ុន្តែគឺទុកការពារខ្លួនប្រឆាំងនឹងការឈ្លានពានពី មហាអំណាច»។

សូមជម្រាបថា ការលើកឡើងរបស់លោក ហាសាន់ រូហានី ធ្វើឡើងនៅចំពេលដែលស្ថានភាពនៅក្នុងតំបន់កំពុងតានតឹងខ្លាំង ក្រោយ សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង បើកការវាយប្រហារដោយគ្រាប់មីស៊ីលលើមូលដ្ឋានមួយចំនួនរបស់យោធាស៊ីរី ដែលជាសម្ព័ន្ធ មិត្តរបស់អ៊ីរ៉ង់ ដោយសារតែរឿងអាវុធគីមី។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានព្រមានដែរថាទីក្រុង វ៉ាស៊ីនតោន នឹងបើកការវាយប្រហារសាជាថ្មី បើសិនជារបបដឹកនាំទីក្រុងដាម៉ាស់ នៅតែបន្តប្រើប្រាស់អាវុធគីមី៕