(អ៊ីរ៉ាក់)៖ តុលាការអ៊ីរ៉ាក់ នៅថ្ងៃពុធនេះ បានផ្តន្ទាទោសប្រហារជីវិតមនុស្ស២១២នាក់ នៅក្នុងទីក្រុងម៉ូស៊ុល និងតំបន់ក្បែរខាង ពីបទ សមគំនិតជាមួយក្រុម ISIS គិតចាប់តាំងពីទីក្រុងមួយនេះ ត្រូវបានកងទ័ពអ៊ីរ៉ាក់ដណ្ដើមយកមកវិញ កាលពីខែសីហា ឆ្នាំ២០១៧។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។
យោងតាមសាលក្រមរបស់ខ្លួន តុលាការអ៊ីរ៉ាក់ បានបញ្ជាក់ដូច្នេះថា៖«ផ្អែកលើសាលក្រមនៃបទឧក្រិដ្ឋបង្ហាញថាមនុស្ស៨១៥នាក់ បង្ហាញខ្លួននៅចំពោះមុខតុលាការ ហើយក្នុងនោះមានមនុស្ស២១២នាក់ ត្រូវបានផ្តន្ទាទោសប្រហារជីវិត ខណៈ១៥០នាក់ផ្សងទៀត ត្រូវជាប់ពន្ធនាគារអស់មួយជីវិត»។ ប៉ុន្តែភា្លមៗ គេមិនទាន់ដឹងនៅឡើយទេថាតើនៅមានមនុស្សប៉ុន្មាននាក់ទៀតត្រូវជាប់ទោស ប្រហារជីវិត។
គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០១៧ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានចេញផ្សាយនូវរបាយការណ៍មួយ មានកម្រាស់ជាង៨០ទំព័រ ដោយចោទប្រកាន់អាជ្ញាធរអ៊ីរ៉ាក់ថាបានរំលោភបំពានសិទ្ធិរបស់ជនសង្ស័យមានជាប់ពាក់ព័ន្ធនឹងក្រុម ISIS ក្នុងនោះមានទាំងការកាត់ទោសមិនត្រឹមត្រូវ និងការឃុំឃាំងក្រោមលក្ខខណ្ឌតឹងរ៉ឹងហួសហេតុជាដើម៕