(សេអ៊ូល) ៖ រដ្ឋាភិបាលកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានព្រមព្រៀងគ្នា ដើម្បីធ្វើការផ្សាយផ្ទាល់ នូវកិច្ចប្រជុំកំពូលអន្តរកូរ៉េ ដែលនឹងធ្វើឡើង នៅចុងខែមេសានេះ, នេះបើតាមការបញ្ជាក់ពីវិមាន Blue House របស់កូរ៉េខាងត្បូង ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ បានឲ្យដឹង នាយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ។
ភាគីទាំងពីរ បានព្រមព្រៀងគ្នា ដើម្បីផ្សាយផ្ទាល់ នូវព្រឹត្តិការណ៍សំខាន់ៗ នៃកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងមេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក Kim Jong Un ទៅកាន់ពិភពលោកឲ្យបានដឹង។
ការព្រមព្រៀងគ្នានេះ ត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំកម្រិតការងារលើកទី២ រវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដើម្បីពិភាក្សាអំពីសន្តិសុខ, ពិធីការ និងទំហំនៃការផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូល ដែលបានធ្វើឡើង នៅភូមិព្រំដែន Panmunjom នាព្រឹកថ្ងៃនេះ។
លោក Moon និងលោក Kim បានព្រមព្រៀងគ្នា ដើម្បីធ្វើកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទី៣ នៅវិមាន Peace House ជាវិមានដែលកសាងឡើង ដោយកូរ៉េខាងត្បូង នៅភូមិ Panmunjom ដែលត្រូវបានគេហៅឈ្មោះមួយទៀតថា ជាតំបន់សន្តិសុខរួមគ្នា ជាតំបន់គ្មានយោធា ដែលបែងចែករវាងកូរ៉េទាំងពីរ៕