(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យោធារុស្ស៊ីច្រើនជាង ២,៥០០នាក់ មកពីកងកម្លាំងនៃតំបន់ភាគខាងកើតប្រទេសរុស្ស៊ី (EMD) បានចូលរួមក្នុងសមយុទ្ធយោធា ទ្រង់ទ្រាយធំមួយ នៅលើទីប្រជុំកោះ ឃើរៀល (Kuril) ដែលកំពុងមានជម្លោះមិនទាន់ដាច់ស្រេចជាមួយជប៉ុនចាប់ផ្តើម ពីថ្ងៃពុធនេះតទៅ៕

២៖ ប្រភពពីមន្ត្រីរដ្ឋាភិបាលចិនបានឲ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង កំពុងរៀបចំពេលវេលាសមស្របណាមួយដើម្បី ទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ជាលើកដំបូងគិតចាប់តាំងពីលោកបានឡើងកាន់តំណែងជាប្រមុខដឹកនាំបក្សកុម្មុយនិស្ត ចិន កាលពីខែវិច្ឆិកា ឆ្នាំ២០១២ តបតាមការអញ្ជើញពីសំណាក់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន៕

៣៖ អាជ្ញាធរអាមេរិក ទីបំផុតបានបញ្ជាក់ថា អ្នកដំណើរម្នាក់ដែលបានទទួលរងរបួស ក្នុងហេតុការណ៍យន្តហោះដឹកអ្នកដំណើរមួយ គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines បានចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុង ហ្វីឡាឌែលព្យ៉ា (Philadelphia) ក្រោយពីផ្ទុះឆេះម៉ាស៊ីនមួយចំហៀងនោះ បានទទួលមរណភាពទៅហើយក្នុងស្ថានភាពមួយ ដ៏គួរឲ្យតក់ស្លុតបំផុត៕

៤៖ កងកម្លាំងទ័ពនៃប្រទេសអេហ្ស៊ីប បានប្រកាសជោគជ័យធំមួយ នៃការសម្លាប់មេដឹកនាំភេរវករស្ថិតនៅកណ្តាលឧបទ្វីបស៊ីណៃ (Sinai) ដែលជាតំបន់ប្រជុំភ្នំមួយ នៃភាគខាងកើតរដ្ឋធានីគែរ បន្ទាប់ពីភាគីទាំងពីរបានប្រយុទ្ធគ្នាយ៉ាងក្តៅគគុក៕

៥៖ ទីភ្នាក់ងារអវកាសអាមេរិក NASA នឹងធ្វើតេស្តសមត្ថភាពអាវក្រោះការពាររលកវិទ្យុសកម្មដែលផលិតឡើងដោយប្រទេស អ៊ីស្រាអែល នៅក្នុងគម្រោងហោះហើរសាកល្បងនៃយានអវកាស Orion មុនពេលដែលបេសកកម្មបញ្ជូនមនុស្សជាផ្លូវការចាប់ផ្តើម៕

៦៖ សារព័ត៌មាន Asia Times បានធ្វើសេចក្តីរាយការណ៍ឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនមានភាពស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងលក់យន្តហោះចម្បាំងដ៏ទំនើបធុន F-35B ទៅឲ្យតៃវ៉ាន់ គឺដោយសារតែក្តីព្រួយបារម្ភថា បណ្តាញចារកម្មរបស់ចិន ដែលបង្កប់ខ្លួននៅលើតំបន់ដីកោះនេះ នឹងអាចលួចប្រមូលយកព័ត៌មានសំខាន់ៗ ពីយន្តហោះចម្បាំងជំនាន់ថ្មីនេះ៕