(វ៉ាស៊ីនតោន)៖ សំនួរដែល​មិនទាន់មានចម្លើយ​នោះគឺថា តើលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងលោក គីម ជុងអ៊ុន ប្រមុខដឹកនាំកំពូលផុតលេខកូរ៉េខាងជើង នឹងជ្រើសរើសទីតាំងណាមួយ នៅលើពិភពលោកយើងនេះ ដើម្បីរៀបចំ​ជំនួបពិភាក្សា​គ្នា​​ជាលើក​ដំបូងបំផុត ដែលមិនធ្លាប់​មានក្នុង​ប្រវត្តិសាស្ត្រនោះ?

យោងតាមការចេញផ្សាយរបស់ BBC ដែលត្រូវបានដកស្រង់នៅល្ងាចថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨នេះ ក្រុមអ្នកវិភាគមួយចំនួនបានលើកឡើងថា ទីតាំងចំនួន ០៥ សំខាន់ៗ អាចនឹងក្លាយជាឋានសួគ៌ នៃការជួបចរចាគ្នារវាងលោក គីម និងលោក ត្រាំ នោះគឺ ទី១៖ តំបន់គ្មានយោធា​រវាងកូរ៉េទាំងពីរ (DMZ), ទី២៖ ទីក្រុងប៉េកាំង​ប្រទេសចិន, ទី៣៖ ប្រទេសណា​មួយ​នៅទ្វីបអាស៊ី, ទី៤៖ ប្រទេស​ណាមួយ​នៅទ្វីបអឺរ៉ុប និង ទី៥៖ នៅលើនាវា​ក្នុងដែនទឹក​អន្តរជាតិ។ ដូចដែលលោក ត្រាំ បញ្ជាក់ហើយថា ទឹកដីអាមេរិក​មិនមែនជម្រើស នៃការជួបគ្នានោះទេ។

គួរបញ្ជាក់ថា យោងតាម​សារ Twitter របស់លោក ត្រាំ ដែលត្រូវបានបង្ហោះ​នៅថ្ងៃពុធនេះ បានបញ្ជាក់ថា «ទំនាក់ទំនងដ៏ល្អ ត្រូវបានរៀបចំឡើង​នៅក្នុងជំនួបពិភាក្សា កាលពីសប្តាហ៍មុន»។ ការ​សរសេរ​សារបង្ហោះរបស់ប្រធានាធិបតី​អាមេរិក​រូបនេះ ត្រូវបានធ្វើឡើង​បន្ទាប់ពីការចុះផ្សាយព័ត៌មាន​ដ៏គួរ​ឲ្យភ្ញាក់ផ្អើលនេះ​ពាសពេញពិភពលោក ហើយមន្ត្រីសេតវិមាន​អាមេរិក ក៏បានបញ្ជាក់​ផងដែរថា កិច្ចប្រជុំកាល​ពីសប្តាហ៍មុន រវាងមន្ត្រីជាន់ខ្ពស់​អាមេរិក និងរដ្ឋាភិបាល​កូរ៉េខាងជើងនោះ គឺស្ថិតនៅក្នុងគោលដៅ​រៀបចំកិច្ចប្រជុំកំពូល​ជាប្រវត្តិសាស្ត្រ រវាងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតី លោក ដូណាល់ ត្រាំ៕