(វ៉ាស៊ីនតោន)៖ ទីបំផុតប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសតាមបណ្តាញ​សង្គម Twitter ផ្លូវការរបស់​លោកថា នាយកទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់អាមេរិក CIA ពិតជា​បានបំពេញទស្សនកិច្ច នៅទីក្រុងព្យុងយ៉ាង​ប្រទេសកូរ៉េខាងជើង​ប្រាកដមែន កាលពីសប្តាហ៍​មុននេះ ហើយនិងបានជួបពិភាក្សាជាលក្ខណៈជាន់ខ្ពស់​មិនធ្លាប់មាន ជាមួយនឹងប្រមុខដឹកនាំ​កំពូល លោក គីម ជុងអ៊ុន ផងដែរ។ នេះបើតាមការ​ចេញផ្សាយដោយ BBC នាល្ងាច​ថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។

យោងតាម​សារ Twitter របស់លោក ត្រាំ ដែលត្រូវបានបង្ហោះ​នៅថ្ងៃពុធនេះ បានបញ្ជាក់ថា «ទំនាក់ទំនងដ៏ល្អ ត្រូវបានរៀបចំឡើង​នៅក្នុងជំនួបពិភាក្សា កាលពីសប្តាហ៍មុន»។ ការ​សរសេរ​សារបង្ហោះរបស់ប្រធានាធិបតី​អាមេរិក​រូបនេះ ត្រូវបានធ្វើឡើង​បន្ទាប់ពីការចុះផ្សាយព័ត៌មាន​ដ៏គួរ​ឲ្យភ្ញាក់ផ្អើលនេះ​ពាសពេញពិភពលោក ហើយមន្ត្រីសេតវិមាន​អាមេរិក ក៏បានបញ្ជាក់​ផងដែរថា កិច្ចប្រជុំកាល​ពីសប្តាហ៍មុន រវាងមន្ត្រីជាន់ខ្ពស់​អាមេរិក និងរដ្ឋាភិបាល​កូរ៉េខាងជើងនោះ គឺស្ថិតនៅក្នុងគោលដៅ​រៀបចំកិច្ចប្រជុំកំពូល​ជាប្រវត្តិសាស្ត្រ រវាងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតី លោក ដូណាល់ ត្រាំ។

ទោះបីជាបែបនេះក្តី គេនៅមិនទាន់ឃើញ​មានការបញ្ជាក់​ អំពីទីកន្លែង​​ពិតប្រាកដដែលមេដឹកនាំ​ប្រទេសទាំងពីរ នឹងត្រូវជួបគ្នា​នោះឡើយ ដោយប្រធានាធិបតី​អាមេរិកគ្រាន់តែលោក ដូណាល់ ត្រាំ គ្រាន់តែបាន​​បញ្ជាក់ថា កិច្ចជំនួបមិនធ្លាប់​មាននេះ នឹងអាចកើត​មានឡើង​នៅដើម​ខែមិថុនា ឬក៏អាច​ឆាប់ៗ​ជាងនេះ (ចុងខែឧសភា) ខណៈលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន បានសម្រេចរួចហើយថា នឹងជួបគ្នា​នា​សប្តាហ៍​ក្រោយនេះ​នៅភូមិ​ផាន់ម៉ុនចុម ទឹកដីព្រំដែន​កូរ៉េខាងជើង។

សម្រាប់ក្រុមអ្នក​វិភាគវិញ​បាន​អះអាងថា ទីកន្លែងដែល​​អាចក្លាយជា​គោលដៅ នៃការរៀបចំ​ជំនួបកំពូល​រវាង លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន មាន​ចំនួន ០៥ សំខាន់ៗគឺ ទី១៖ តំបន់គ្មានយោធា​រវាងកូរ៉េទាំងពីរ (DMZ), ទី២៖ ទីក្រុងប៉េកាំង​ប្រទេសចិន, ទី៣៖ ប្រទេសណា​មួយ​នៅទ្វីបអាស៊ី, ទី៤៖ ប្រទេស​ណាមួយ​នៅទ្វីបអឺរ៉ុប និង ទី៥៖ នៅលើនាវា​ក្នុងដែនទឹក​អន្តរជាតិ៕