(បាងកក)៖ ចំនួនមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីអំឡុងរយៈពេលឈប់សម្រាក ០៧ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីនៅឯប្រទេសថៃបានកើនឡើងរហូតដល់ ៤១៨នាក់ នៅឆ្នាំ២០១៨នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីកាសែតថៃ បាងកកប៉ុស្តិ៍ នៅល្ងាចថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។
បើតាមសេចក្តីប្រកាសពី មជ្ឈមណ្ឌលសុវត្ថិភាពចរាចរណ៍ថៃ នៅថ្ងៃពុធនេះ គិតចាប់ពីថ្ងៃទី១១ ដល់ទី១៧ ខែមេសា ឆ្នាំ២០១៨ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍សរុប ៣,៧២៤ករណី បានកើតមានឡើងនៅទូទាំងព្រះរាជាណាចក្រថៃ ដោយបានផ្តាច់អាយុជីវិតមនុស្ស ៤១៨នាក់ និងបង្កឲ្យរបួសប្រមាណ ៣,៨៩៧នាក់ទៀត។
កាលពីថ្ងៃទី១៧ ខែមេសា តែឯងប៉ុណ្ណោះ ដែលជាថ្ងៃបញ្ចប់ចុងក្រោយនៃបុណ្យសង្រ្កាន្តឆ្នាំថ្មីថៃ មនុស្សចំនួន ២៦នាក់បានបាត់បង់ជីវិត និង ៣៣៦នាក់បានទទួលរងរបួស នៅក្នុងករណីគ្រោះថ្នាក់ចរាចណ៍ ៣០៧ករណី នៅទូទាំងផ្ទៃប្រទេស ខណៈកត្តាបើកបរដោយស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ត្រូវបានគេកំណត់ថា ជាមូលហេតុចម្បង នៃគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់ៗទាំងនេះ។
គួរជម្រាបថា កាលពីអំឡុងបុណ្យសង្រ្កាន្តឆ្នាំមុនរបស់ប្រទេសថៃ មនុស្សចំនួន ៣៩០នាក់ បានស្លាប់នៅលើដងផ្លូវ និង ៣,៨០៨នាក់ផ្សេងទៀត បានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣,៦៩០ករណី នៅរយៈពេល ០៧ថ្ងៃ៕