(គែរ)៖ កងកម្លាំងទ័ព​នៃប្រទេសអេហ្ស៊ីប បានប្រកាស​ជោគជ័យធំមួយ នៃការសម្លាប់មេដឹកនាំ​ភេរវករស្ថិតនៅកណ្តាលឧបទ្វីប​ស៊ីណៃ (Sinai) ដែលជាតំបន់​ប្រជុំភ្នំមួយ នៃភាគខាងកើត​រដ្ឋធានីគែរ បន្ទាប់ពីភាគីទាំងពីរ​បានប្រយុទ្ធគ្នាយ៉ាងក្តៅគគុក។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។

ព័ត៌មានបានបញ្ជាក់យ៉ាងដូច្នេះថា «មេភេរវករឈ្មោះ ណាស្ស៊ឺ អាប៊ូ ហ្សាគួល (Nasser Abu Zaqoul) នៃភាគកណ្តាលឧបទ្វីបស៊ីណៃ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារយុទ្ធគ្នាមួយ»។ យោធាអេហ្ស៊ីបមិនបានអះអាងថា តើមេភេរវកររូបនោះជារបស់ក្រុមណាឡើយ ប៉ុន្តែជាធម្មតា​​ក្រុមភេរវករ​នៅភាគកណ្តាលឧបទ្វីបស៊ីណៃ ត្រូវបានអេហ្ស៊ីប​ហៅឈ្មោះថា វីឡាយ៉ាត ស៊ីណៃ (Wilayat Sinai) ដែលមាន​សម្ព័ន្ធភាព​ជាមួយក្រុម ISIS។

គួរបញ្ជាក់ថា ក្រុមភេរវករខាងលើ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តែងតែបើកការ​វាយប្រហារនៅ​ក្នុងប្រទេសអេហ្ស៊ីប ដែលបានបណ្តាល​ឲ្យមនុស្សជាច្រើន​នាក់ស្លាប់ ហើយកងកម្លាំងអេហ្ស៊ីប ក៏តែងតែធ្វើការវាយបកទៅលើក្រុមភេរវករ​ទាំងនោះវិញ បណ្តាល​ឲ្យស្លាប់រាប់ពាន់នាក់​ទៅហើយ​ផងដែរ។ ការវាយប្រហារ​បានចាប់ផ្តើមឡើង​​បន្ទាប់​ពីលោក ម៉ូហាម៉េដ ម៉ូស៊ី (Mohamed Morsi) អតីតប្រធានាធិបតីអេហ្ស៊ីប មកពីគណបក្ស Muslim Brotherhood ត្រូវបាន​ទម្លាក់ពីតំណែង និងយក​ទៅ​កាត់ទោស៕