ក្រុមជំនាញស្វែងរកដានអាវុធគីមី «មិនទាន់អាចចូលទៅតំបន់ Douma បានទេ» ខណៈមូលហេតុមិនទាន់ត្រូវបានបញ្ជាក់...
18-04-2018 15:39
(ស៊ីរី)៖ ប្រភពពីក្រុមមន្ត្រីអង្គការសហប្រជាជាតិបានឱ្យដឹងថា ក្រុមអធិការកិច្ចអាវុធគីមីអន្តរជាតិ ទំនងជានឹងមិនអាចធ្វើដំណើរចូលទៅកាន់តំបន់ឌួម៉ា (Douma) ជាយទីក្រុងដាម៉ាស់ប្រទេសស៊ីរីបានឡើយនៅថ្ងៃពុធនេះ។ ប៉ុន្តែមូលហេតុពិតប្រាកដ មិនទាន់ត្រូវបានគេទម្លាយឱ្យដឹងនោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។
យោងតាមប្រភពខាងលើដដែល ក្រុមអ្នករៀបចំមួយក្រុមបានចូលទៅក្នុងទីក្រុងឌួម៉ា កាលពីថ្ងៃអង្គារ ប៉ុន្តែក្រុមមួយនេះមិនមែនជាក្រុមអ្នកជំនាញ មកពីអង្គការហាមឃាត់ការប្រើប្រាស់អាវុធគីមី (OPCW) នោះទេ។ ក្រុមអធិការកិច្ចបានធ្វើដំណើរទៅដល់ទីក្រុង ដាម៉ាស់ កាលពីចុងសប្ដាហ៍កន្លងទៅ ដើម្បីត្រួតពិនិត្យទីតាំងសង្ស័យថា មានការប្រើប្រាស់អាវុធគីមីនៅក្បែរតំបន់ឌួម៉ា ដែលបានផ្ដាច់ យកអាយុជិវិតមនុស្សរាប់សិបនាក់ និងរហូតដល់ជំរុញឱ្យសហរដ្ឋអាមេរិក បើកការវាយប្រហារដោយគ្រាប់មីស៊ីលលើស៊ីរី។
សូមជំរាបថា កាលពីថ្ងៃអង្គារអគ្គរដ្ឋទូតស៊ីរីប្រចាំអង្គការសហប្រជាជាតិ ក៏បាននិយាយដែរថា ក្រុមការងារមួយនៃក្រុមប្រឹក្សាសន្តិសុខ បានធ្វើដំណើរទៅកាន់ទីក្រុងឌួម៉ា មុននឹងគំរោងទស្សនកិច្ចរបស់ OPCW៕