សេចក្តីព្រាងសម្រាប់ដោះស្រាយបញ្ហាស៊ីរី ស្នើឡើងដោយអាមេរិក បារាំង និងអង់គ្លេស «ត្រូវបានរុស្ស៊ីអះអាងថា គ្មានហេតុផល និងឥតប្រយោជន៍...»
18-04-2018 14:53
(ញូយ៉ក)៖ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (UN) លោក វ៉ាស៊ីលី ណេប៊ិស្យ៉ា (Vassily Nebenzia) បានចាត់ទុកថា សេចក្ដីព្រាងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ UN ស្ដីពីស៊ីរី ស្នើឡើងដោយសហរដ្ឋអាមេរិក បារាំង និងអង់គ្លេស គឺជារឿងគ្មានហេតុផល និងឥតប្រយោជន៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។
សេចក្ដីព្រាងដំណោះស្រាយខាងលើ ត្រូវបានផ្សព្វផ្សាយនៅក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង ១៥ កាលពីថ្ងៃសៅរ៍ និងចាប់ផ្ដើមចរចាគ្នាកាលពីថ្ងៃចន្ទកន្លងទៅ។ ប៉ុន្តែ លោក Nebenzia យល់ថា សេចក្ដីព្រាងដំណោះស្រាយនេះគ្មានហេតុផល និងឥតប្រយោជន៍។ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំ UN រូបនេះបានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារដូច្នេះថា «កាលពីថ្ងៃសុក្រសប្ដាហ៍មុន ពួកគេ (សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង) បានឈ្លានពានស៊ីរី ហើយមកដល់ថ្ងៃសៅរ៍ ពួកគេបែរជានាំគ្នាតាក់តែង ដំណោះស្រាយនយោបាយមួយឡើង តើអ្នកមិនគិតទេឬ ថាវាគឺជារឿងគួរឱ្យអស់សំណើច?»។
គួររំលឹកថា កាលពីសប្ដាហ៍មុនរុស្ស៊ីបានប្រើសិទ្ធិវ៉េតូរបស់ខ្លួន ជំទាស់នឹងសេចក្ដីព្រាងដំណោះស្រាយរបស់សហរដ្ឋអាមេរិក ដែលមានគោលដៅបង្កើតយន្ដការស៊ើបអង្កេតមួយ ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគីមី នៅក្នុងប្រទេសស៊ីរី។ ចំណែកឯសេចក្ដីព្រាងដំណោះស្រាយរបស់រុស្ស៊ី ក៏ត្រូវបានប្រទេសចំនួន ០៩ ជាសមាជិក្រុមប្រឹក្សាសន្តិសុខ បោះឆ្នោតវ៉េតូផងដែរ៕