(ម៉ូស្គូ)៖ យោធារុស្ស៊ីច្រើនជាង ២,៥០០នាក់ មកពីកងកម្លាំងនៃតំបន់ភាគខាងកើតប្រទេសរុស្ស៊ី (EMD) បានចូលរួមក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ នៅលើទីប្រជុំកោះ ឃើរៀល (Kuril) ដែលកំពុងមានជម្លោះមិនទាន់ដាច់ស្រេចជាមួយជប៉ុន ចាប់ផ្តើមពីថ្ងៃពុធនេះតទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។
នៅអំឡុងសមយុទ្ធយោធានេះដែរ ទីតាំងសត្រូវសម្បនិម្មិតនឹងត្រូវធ្វើការបាញ់កម្ទេចដោយរថក្រោះ និងកងកំាភ្លើងធំ ជាមួយការគំាទ្រដោយកងឧទ្ធម្ភាគចក្រ និងកងនាវាចម្បាំងប្រចាំតំបន់សមុទ្រប៉ាស៊ីហ្វិក។ លើសពីនេះទៅទៀត បរិក្ខាយោធាជាង ៨០០គ្រឿង-ប្រភេទ ក្នុងនោះរួមមានទាំង រថក្រោះ T-72B, កាំភ្លើងធំ, ឧទ្ធម្ភាគចក្រ Mi-8AMTSh រួមទាំងនាវាចម្បាំងចំនួនបីគ្រឿង នៃកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិក ក៏ត្រូវចូល រួមក្នុងសមយុទ្ធទ្រង់ទ្រាយធំនេះផដែរ។
គួរបញ្ជាក់ថា EMD គឺជាទីបញ្ជាយុទ្ធសាស្ត្រដ៏ធំមួយក្នុងចំណោមបួនរបស់កងទ័ពរុស្ស៊ី និងមានទីស្នាក់ការនៅក្នុងទីក្រុង ខាបារ៉ូវក៍ (Khabarovsk) នៃភាគខាងកើតចុងបំផុតនៃប្រទេសរុស្ស៊ី ដែលមានទីតាំងយុទ្ធសាស្ត្រទល់នឹងរដ្ឋអាឡាស្កា (សហរដ្ឋអាមេរិក) និង ប្រទេសជប៉ុន ហើយសម្រាប់ភាគនិរតីវិញ គឺជាប់ព្រំដែននឹងប្រទេសចិនមួយផ្នែក ព្រមទាំងកូរ៉េខាងជើងផងដែរ៕