(វ៉ាស៊ីនតោន)៖ អាជ្ញាធរ​អាមេរិក ទីបំផុតបាន​បញ្ជាក់ថា អ្នកដំណើរម្នាក់​ដែលបានទទួល​រងរបួស ក្នុងហេតុការណ៍ យន្តហោះដឹកអ្នក​ដំណើរ​មួយគ្រឿង​របស់ក្រុមហ៊ុន​អាកាសចរណ៍ Southwest Airlines បានចុះចត​ជាបន្ទាន់នៅ​អាកាសយានដ្ឋានអន្តរជាតិ​នៃទីក្រុង ហ្វីឡាឌែឡព្យ៉ា (Philadelphia) ក្រោយពីផ្ទុះឆេះ​ម៉ាស៊ីនមួយ​ចំហៀងនោះ បានទទួលមរណភាព​ទៅហើយ ក្នុងស្ថានភាពមួយដ៏គួរឲ្យតក់ស្លុតបំផុត។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន New York Times នៅរសៀល​ថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។

ជនរងគ្រោះខាង​លើមាន​ឈ្មោះថា ចែននីហ្វឺ រីយ៉ូដេន (Jennifer Riordan) ដែលជាប្រធាន​ផ្នែករបស់ធនាធារ​មួយកន្លែង នៅសហរដ្ឋអាមេរិក និងជាម្តាយរបស់​កូនចំនួនពីរ​នាក់ រស់នៅរដ្ឋ New Mexico។ បើតាមសាក្សី​ជាអ្នកដំណើរលើ​យន្តហោះជាមួយគ្នា «លោកស្រី Riordan បានទទួលរង​របួសធ្ងន់​ធ្ងរ ដោយសារត្រូវ​កម្លាំងសម្ពាធ​ខ្យល់ ស្រូបទាញ​ពាក់កណ្តាលខ្លួន​លោកស្រី ចេញទៅក្រៅ​តាមបង្អួចយន្តហោះ ដែលត្រូវបានបែកដោយសារ​តែកម្ទេច​កម្ទីរម៉ាស៊ីនយន្តហោះ​ដែលបានផ្ទុះ»។ ភ្លាមៗនោះ អ្នកដំណើរដែល​អង្គុយនៅជាប់នោះ និងអ្នកឯ​ទៀតៗ ក៏បានស្រវ៉ាមក​ចាប់​លោក​ស្រីជាប់ ហើយទាញខ្លួន​លោកស្រី Riordan ចូលមកក្នុង​យន្តហោះ​វិញ។

គួរជម្រាបថា ក្រោយពីយន្តហោះ​ខាងលើដែលជាប្រភេទ​យន្តហោះ Boeing 737-700 ផ្ទុកអ្នកដំណើរ ១៤៣នាក់ និងសហសេវិក ០៥នាក់ បានធ្វើការចុះចត​យ៉ាងទាន់ហន់​ នៅអាកាសយានដ្ឋានទីក្រុង Philadelphia លោកស្រី Riordan ក៏ត្រូវបានគេរួសរាន់​បញ្ជូនទៅកាន់​មន្ទីរ​ពេទ្យ​យ៉ាងញាប់ដៃញាប់ជើងជាទីបំផុត ប៉ុន្តែក្រោយ​មកដោយសារតែរបួស​លោកស្រីមានសភាពធ្ងន់ធ្ងរ​ពេក ទើបក្រុមគ្រូពេទ្យ​មិនអាចជួយសង្រ្គោះជីវិត​លោកស្រី បានទាន់​ពេលវេលា​ឡើយ៕