(ម៉ូស្គូ)៖ ទីក្រុងវ៉ាស៊ីនតោនត្រូវបានគេរាយការណ៍ថា មានបំណងចង់ឱ្យអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងកាតា ដើរតួជំនួសសហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយកងទ័ព និងចេញថ្លៃចាយវាយ ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាស្ថេរភាពនៅតំបន់ ភាគឦសានប្រទេសស៊ីរី។ នេះបើតាមកាសែត Wall Street Journal ដកស្រង់ដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។
នាពេលបច្ចុប្បន្ន សហរដ្ឋអាមេរិកកំពុងរក្សាវត្តមានយោធារបស់ខ្លួន នៅទីតាំងឈរជើងសំខាន់ៗ ចំនួនពីរនៅស៊ីរីដោយទីមួយ គឺនៅជាប់ព្រំដែនជាមួយប្រទេសហ្ស៊កដានីភាគខាងត្បូង និងមួយទៀតនៅតំបន់ភាគឦសានប្រទេសស៊ីរី ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រង កងកម្លាំងឃើដ (SDF)។ ប៉ុន្តែនាពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្រាប់តែប្រកាសពីគំរោងដកកងទ័ពអាមេរិកចេញពីស៊ីរី ហើយដែលការសម្រេចចិត្តនេះ ត្រូវបានអ្នកជំនាញខ្លះមើលឃើញថា ជាប់ពាក់ព័ន្ធនឹងថ្លៃចាយវាយលើប្រតិបត្តិការរបស់ខ្លួន។
ដោយឡែក ជុំវិញការប្រកាសនេះដែរ កាសែតអាមេរិក Wall Street Journal បានរាយការណ៍ថា រដ្ឋបាលលោក ត្រាំ មានបំណងប្រគល់តំបន់ភាគឦសានប្រទេសស៊ីរី ទៅឱ្យបណ្ដាប្រទេសអារ៉ាប់គ្រប់គ្រងជំនួសវិញ។ កាសែតមួយនេះបានបន្ថែមថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិកថ្មី លោក ចន បូលតុន (John Bolton) បានពិភាក្សាការងារតាមទូរស័ព្ទ ជាមួយនាយកស៊ើបការណ៍សំងាត់ស្ដីទីអេហ្ស៊ីប លោក អាប់បាស់ កាមែល (Abbas Kamel) ក្នុងគោលបំណងស្ទាបស្ទង់ថា តើប្រទេសអារ៉ាប់មានបំណងចូលរួម ក្នុងការផ្លាស់ប្ដូរការគ្រប់គ្រងនេះដែរ ឬទេ? ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិកក៏បានស្នើផងដែរឱ្យអារ៉ាប៊ីសាអូឌីត កាតា និងអេមីរ៉ាត់អារ៉ាប់រួម ដាក់ពង្រាយកងទ័ព និងចេញលុយរាប់ពាន់លានដុល្លារ ដើម្បីរក្សាសន្តិភាពនៅ តំបន់ភាគឦសានប្រទេសស៊ីរី។
«បេសកកម្មនៃកងកងកម្លាំងនៅក្នុងតំបន់ អាចនឹងត្រូវសហការជាមួយកងកម្លាំងឃើដ និងក្រុមអ្នកប្រយុទ្ធអារ៉ាប់ គាំទ្រដោយសហរដ្ឋអាមេរិក ក្នុងយុទ្ធនាការកម្ទេចពួក ISIS និងធានាឱ្យបានថា ពួកភេរវករមួយនេះនឹងមិនអាចត្រឡប់មកវិញសាជាថ្មីជាដាច់ខាត ព្រម ទាំងទប់ស្កាត់ការពង្រីកឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងតំបន់»។ នេះបើតាម Wall Street Journal៕