(អ៊ីស្រាអែល)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA នឹងធ្វើតេស្តសមត្ថភាពអាវក្រោះការពាររលកវិទ្យុសកម្ម ដែលផលិតឡើងដោយប្រទេសអ៊ីស្រាអែល នៅក្នុងគម្រោងហោះហើរសាកល្បងនៃយានអវកាស Orion មុនពេលដែលបេសកកម្មបញ្ជូនមនុស្សជាផ្លូវការចាប់ផ្តើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។
ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអ៊ីស្រាអែលបានឲ្យដឹងថា អង្គការ NASA និងទីភ្នាក់ងារអវកាសរបស់ប្រទេសខ្លួន ISA បានចុះកិច្ចព្រមព្រៀងមួយ ស្តីពីការប្រើប្រាស់អាវក្រោះការពារវិទ្យុសកម្ម នៅក្នុងក្របខណ្ឌនៃការហោះហើរសាកល្បងនូវយាន Orion របស់ NASA ហើយប្រសិនបើការធ្វើតេស្តអាវការពារពិសេសនេះ ទទួលបានជោគជ័យ វាប្រហែលមានលទ្ធភាពយកទៅប្រើប្រាស់ សម្រាប់ប្រតិបត្តិការរុករកក្នុងទីអវកាសខាងមុខៗទៀតជាពិសេសនៅឋានព្រះច័ន្ទ និងភពអង្គារតែម្តង។
បន្ថែមពីនេះនាពេលឆាប់ៗទីភ្នាក់ងារអវកាស ISA ក៏នឹងចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Lockheed Martin ដើម្បីផ្តួចផ្តើមការប្រើប្រាស់អាវក្រោះការពាររលកវិទ្យុសកម្មនេះ នៅឯស្ថានីយអវកាសអន្តរជាតិ ISS ផងដែរ នាដើមឆ្នាំ២០១៩។ រលកវិទ្យុសកម្មពិតជាសាហាវណាស់ ព្រោះវាអាចសម្លាប់ជីវិតអវកាសយានិកបាន បើសិនជាគ្មានខែលការពារក្នុងរយៈពេលយូរទេនោះ៕