(ទីក្រុងហ្សឺណែវ-ស្វីស)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានលើកឡើងថា ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល អាចបង្ខិត និងបង្កើតភាពងាយស្រួលដល់សហគ្រាសធុនតូច និងមធ្យមក្នុងការជួបជាមួយនឹងអតិថិជន។
ការលើកឡើងបែបនេះ របស់លោករដ្ឋមន្រ្ដីធ្វើឡើង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ នាឱកាសដែលលោកអញ្ជើញចូលរួមថ្ងៃទី២ នៃព្រឹត្តិការណ៍ «សប្ដាហ៍ស្ដីពីពាណិជ្ជកម្មតាមអេឡិកត្រូនិច (E-Commerce Week)» ដែលរៀបចំដោយសន្និសីទ សហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍ (UNCTAD)។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ទៅលើការប្រើប្រាស់ប្រព័ន្ធឌីជីថលថា «ដើម្បីកាត់បន្ថយរបាំងសម្រាប់ការនាំចេញ ដើម្បីឲ្យសហគ្រាសធុនតូច និងមធ្យម អាចមានឱកាសចូលរួមធ្វើពាណិជ្ជកម្មនៅក្នុងទីផ្សារសកលលោកបាន ជាពិសេសប្រព័ន្ធបច្ចេកវិទ្យាឌីជីថលអាចបង្ខិត និងបង្កើតភាពងាយស្រួលដល់សហគ្រានធុនតូច និងមធ្យមទាំងនោះក្នុងការជួបជាមួយនឹងអតិថិជន និងធ្វើការផ្សព្វផ្សាយលក់ទំនិញរបស់ខ្លួន។ លើសពីនេះទៀតការប្រើប្រាស់ប្រព័ន្ធឌីជីថល ដែលមានភាពទូលំទូលាយ នឹងជំរុញឲ្យមានគំនិតច្នៃប្រឌិត និងនវានុវត្តថ្មីៗសម្រាប់ធ្វើពាណិជ្ជកម្ម បង្កើនសហគ្រិនភាព និងបង្កើតការងារសម្រាប់ស្ត្រី យុវជន និងអ្នកជំនួញដទៃទៀត ដូចជាប្រជាពលរដ្ឋនៅតាមជនបទជាដើម»។
លោករដ្ឋមន្រ្ដីបានបញ្ជាក់ទៀតថា ទោះបីជាប្រព័ន្ធឌីជីថល មានផលប្រយោជន៍ច្រើនក៏ពិតមែន បញ្ហាប្រឈមទាំងឡាយដូចជា កង្វះខាតចំណេះដឹងលើប្រព័ន្ធព័ត៌មានវិទ្យា ហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់ លិខិតបទដ្ឋានគតិយុត្តិ ត្រូវតែដោះស្រាយឲ្យបានរួចរាល់ មុននឹងអាចទាញយកផលប្រយោជន៍នេះបាន។
នៅរសៀលថ្ងៃដដែលលោក ប៉ាន សូរស័ក្ដ ក៏បានអញ្ជើញចូលរួមនៅក្នុងកិច្ចពិភាក្សាលើ «បែបផែនអភិវឌ្ឍនៃផ្លាត់ហ្វមឌីជីថល (Development Dimensions of Digital Platforms)» ដែលមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗមកពីប្រព័ន្ធអង្គការសហប្រជាជាតិ និងលោក Roberto Azevedo អគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ នៅក្នុងកិច្ចពិភាក្សានេះ លោករដ្ឋមន្ត្រីក៏បានចូលរួមមតិ ដោយលើកឡើងថា ប្រព័ន្ធបច្ចេកវិទ្យាមានការផ្លាស់ប្ដូរជាលំដាប់ ហើយផ្លាត់ហ្វមឌីជីថល បានរួមចំណែកធំមួយដល់ការប្រែក្លាយគំរូធុរកិច្ច (Business Model) ដើម្បីស្វែងរកផលចំណេញអតិប្បរិមា។
លោកបានបន្ថែមទៀតថា ផ្លាត់ហ្វមឌីជីថលដែលមានទ្រង់ទ្រាយជាទីផ្សារពាណិជ្ជកម្មតាមអេឡិចត្រូនិច ជាកម្លាំងចលករមួយ ដើម្បីជំរុញឲ្យមានការគិតគូឡើងវិញអំពីរបៀបធ្វើពាណិជ្ជកម្ម ក្នុងការផ្ដល់ផលប្រយោជន៍ជាបរិយាប័ន្នដល់អ្នកពាក់ព័ន្ធ ដូចនេះកម្ពុជាត្រូវតែបន្តដំណើរទៅមុខទៀត និងប្រឹងប្រែងយល់ឲ្យបានច្បាស់លាស់អំពីផ្លាត់ហ្វមឌីជីថលនេះ ដើម្បីទាញយកផលប្រយោជន៍ពីផ្លាត់ហ្វមឌីជីថលដែលមានស្រាប់ ឬបង្កើតផ្លាត់ហ្វមឌីជីថលក្នុងស្រុកដែលស្របតាមបរិបទកម្ពុជា ដើម្បីជាច្រកមួយក្នុងការធ្វើពាណិជ្ជកម្មទៅលើទីផ្សារពិភពលោក។
ក្រៅពីបានចូលរួមវគ្គពិភាក្សាទាំងពីរខាងលើលោករដ្ឋមន្ត្រី ក៏បានឆ្លៀតជួបពិភាក្សាការងារជាមួយលោកស្រី ឆាមីកា ស៊ីរីម៉ានណេ (Shamika Sirimane) នាយកផ្នែកបច្ចេកវិទ្យា និងភស្ដុភារនៃអង្គការ UNCTAD។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការសិក្សាអំពីប្រព័ន្ធដឹកជញ្ជូនទំនិញ (delivery system) ដោយប្រើបច្ចេកវិទ្យាពិនិត្យ និងបំពេញបន្ថែមកង្វះខាតរបស់សេចក្ដីព្រាងច្បាប់ស្ដីពីពាណិជ្ជកម្មតាមអេឡិចត្រូនិច ជាពិសេសលើកិច្ចការពារអ្នកប្រើប្រាស់នៅក្នុងប្រព័ន្ធព័ត៌មានវិទ្យា ច្បាប់ប្រកួតប្រជែង ការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមអេឡិចត្រូនិច និងការចូលរួមលើការធ្វើបច្ចុប្បន្នភាពឯកសារវិភាគសមាហរណកម្មពាណិជ្ចកម្មកម្ពុជា ឆ្នាំ២០១៩-២០២៣៕