​(ទ្រីប៉ូលី)៖ កងកម្លាំងឆ្មាំសមុទ្រ​លីប៊ី​នៅថ្ងៃអង្គារ​សប្ដាហ៍នេះ បានជួយសង្រ្គោះ​ក្រុមជនអន្តោប្រវេសន៍​ខុសច្បាប់​ ច្រើនជាង ២០០នាក់ នៅលើទូកពោងកៅស៊ូ​ពីរគ្រឿង នៅឯឆ្នេរភាគខាង​លិចនៃ​ប្រទេស។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មានចិន​ ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។

ថ្លែងប្រាប់​ស៊ីនហួរ មន្ត្រីនៃនាយកដ្ឋាន​ប្រឆាំងអន្តោប្រវេសន៍​ខុសច្បាប់ប្រចាំ​ទីក្រុង​ទ្រីប៉ូលី បានឱ្យដឹង​យ៉ាងដូច្នេះថា «នាយកដ្ឋានប្រឆាំងសកម្មភាពអន្តោប្រវេសន៍ខុសច្បាប់ បានទទួល​ជនអន្តោប្រវេសន៍​ខុសច្បាប់ជាង ២០៤នាក់ មកពីប្រទេស​ក្នុងតំបន់អាហ្វ្រិក​ចំនួន ០៩ផ្សេងៗពីគ្នា ក្នុងនោះរួមមានស្ត្រី ៧១នាក់ និងកុមារ ១០នាក់ បន្ទាប់ពីពួកគេត្រូវ​បានជួយសង្រ្គោះ​ ដោយឆ្មាំសមុទ្រ​លីប៊ី និងបាននាំពួកគេ​ទៅកាន់​ទីក្រុងទ្រីប៉ូលី»

គួរជម្រាបថា លីប៊ីបានក្លាយ​ជាកន្លែងចាក​ចេញ​ដ៏សំខាន់ របស់ជន​អន្តោប្រវេសន៍​ឆ្ពោះទៅកាន់ទ្វីប​អឺរ៉ុប ហើយការភៀស​ខ្លួន​របស់ពួក​នេះទៀត​សោត ធ្វើឡើងដើម្បីគេច​ចេញពីភាព​ចលាចល និងអសន្តិសុខ​នៅក្នុងប្រទេស​របស់ពួកគេ ក្នុងក្ដីសង្ឃឹមថា អាចនឹងសាង​ជីវិតថ្មីនៅលើដី​អឺរ៉ុប។ ដោយឡែក បើតាមក្រុម​មន្ត្រីលីប៊ី ជនអន្តោប្រវេសន៍​ត្រូវបានជួយសង្រ្គោះ​ ដោយឆ្មំាសមុទ្រលីប៊ី​ក្នុងត្រីមាស ដំបូងឆ្នាំ២០១៨នេះ​មានចំនួនជាង ៤,០០០នាក់៕