(តៃប៉ិ)៖ សារព័ត៌មាន Asia Times បានធ្វើសេចក្តីរាយការណ៍ឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនមានភាពស្ទាក់ស្ទើរ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំងដ៏ទំនើបធុន F-35B ទៅឲ្យតៃវ៉ាន់ គឺដោយសារតែក្តីព្រួយបារម្ភថា បណ្តាញចារកម្មរបស់ចិន ដែលបង្កប់ខ្លួននៅលើតំបន់ដីកោះនេះ នឹងអាចលួចប្រមូលយកព័ត៌មានសំខាន់ៗ ពីយន្តហោះចម្បាំងជំនាន់ថ្មីនេះ។ នេះបើតាមការដកស្រង់ការផ្សាយពី Asia Times ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។
ជុំវិញរឿងនេះក្រុមសមាជិកសភានៅតៃវ៉ាន់ កំពុងតែអំពាវនាវឲ្យប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) ចាត់វិធានការបោសសម្អាតរដ្ឋបាលរបស់ខ្លួន ដើម្បីធានាឲ្យបានថា បណ្តាញភ្នាក់ងារចារកម្មចិន នឹងមិនអាចប្រមូលយកព័ត៌មានសម្ងាត់ ពីតៃវ៉ាន់បាន ហើយលុះត្រាតែនៅពេលដែលលោកស្រី Tsai អាចធ្វើយ៉ាងដូច្នោះបាន ទើបកិច្ចចរចាអំពីការទិញយន្តហោះចម្បាំង F-35 តម្លៃប្រហែល ០៣ពាន់លានដុល្លារ ពីអាមេរិក អាចបន្តប្រព្រឹត្តទៅមុខទៀតបាន។
គួរជម្រាបថា បើតាមសារព័ត៌មាន Asia Times នាពេលថ្មីៗនេះអតីតរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក វីលៀម ភែរី (William Perry) បានធ្វើដំណើរមកមកកាន់កោះតៃវ៉ាន់ ដើម្បីបំពេញទស្សនកិច្ចរយៈពេល០៤ថ្ងៃ ដោយនាឱកាសនោះលោក បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងទិញ-លក់យន្តហោះ F-35B រវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ប្រហែលជាពុំមែនជាគំនិតល្អនោះឡើយ ហើយផ្ទុយមកវិញលោកបានលើកជាយោបល់ថា តៃវ៉ាន់គួរតែផ្តោតបន្ថែមទៅលើការបណ្តុះបណ្តាល អាកាសយានិករបស់ខ្លួនវិញល្អជាង៕