(វ៉ាស៊ីនតោន)៖ លោកស្រី បាបារ៉ា ប៊ូស (Barbara Bush) អតីតស្ត្រីទី ១ នៃសហរដ្ឋអាមេរិក ដែលជាភរិយារបស់អតីតប្រធានាធិបតីលោក ចច ប៊ូស និងជាម្តាយរបស់អតីតប្រធានាធិបតី ចច ដាប់ប៊ែលយូ ប៊ូស នោះបានទទួលមរណភាពហើយ ក្នុងជន្មាយុ ៩២ឆ្នាំ បន្ទាប់ពីលោកស្រីបានសម្រេចចិត្ត បោះបង់ចោលការសម្រាកព្យាបាលជំងឺដ៏ទ្រុឌទ្រោមអស់ប៉ុន្មានឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។
អ្នកនាំពាក្យក្រុមគ្រួសារ លោក ប៊ូស បានប្រកាសអំពីមរណភាពរបស់អតីតស្ត្រីទី ១ លើពិភពលោកនេះ នៅល្ងាចថ្ងៃអង្គារ (ពេលវេលានៅវ៉ាស៊ីនតោន ត្រូវនឹងពេលព្រឹកថ្ងៃពុធពេលវេលានៅអាស៊ីអាគ្នេយ៍) ដែលនាំឲ្យមានការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ពីសំណាក់មហាជនទូទៅ និងអ្នកនយោបាយនានានៅទូទាំងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិក លោក ចច ប៊ូស ដែលត្រូវជាឪពុកបង្កើតរបស់អតីតប្រធានាធិបតីមួយរូបទៀត គឺលោក ចច ដាប៊ែលយូ ប៊ូស បានកាន់តំណែងជាប្រធានាធិបតីតំណាងឲ្យបក្សសាធារណរដ្ឋចំនួនមួយអាណត្តិ ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣។ ដោយឡែកលោក ចច ដាប់ប៊ែយូ ប៊ូស ដែលត្រូវជាកូនប្រុសរបស់លោកស្រី បាបារ៉ា ប៊ូល និងលោក ចច ប៊ូស នោះបានកាន់តំណែងជាប្រធានាធិបតីអាមេរិក រហូតដល់ទៅពីរអាណត្តិតំណាងឲ្យបក្សដូចគ្នា ចាប់តាំងពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៩៕