(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Facebook អាចនឹងប្រឈមមុខបង់ប្រាក់សំណងរាប់ពាន់លានដុល្លារ ពាក់ព័ន្ធនឹងការប្រមូលទិន្នន័យរបស់ អ្នកប្រើប្រាស់តាមរយៈកម្មវិធីស្កែនមុខ ឬទទួលស្គាល់មុខដោយស្វ័យប្រវត្តិ ដែលជាកម្មវិធី Tag បន្តឱ្យមិត្តភក្តិនៅលើបណ្ដាញទំនាក់ទំនងសង្គមមួយនេះ នៅពេលមានការកំណត់ថា ពិតជារូបរបស់គណនីអ្នកប្រើប្រាស់ណាមួយ ដែលមាននៅក្នុងរូបនោះ។ នេះបើតាមសេចក្ដីរាយការណ៍ជាច្រើន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។
យោងតាមចៅក្រម លោក ចាម ដូណាតូ (James Donato) ឲ្យដឹងថា ក្រុមហ៊ុន Facebook អាចនឹងត្រូវបានប្ដឹងដោយអ្នកប្រើប្រាស់បីនាក់នៅក្នុងរដ្ឋ អ៊ីលីណយស៍ (Illinois) ដែលអះអាងថា ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមមួយនេះ បានប្រមូលទិន្នន័យរបស់ពួកគេ តាមរយៈកម្មវិធីស្កែនមុខដោយគ្មានការអនុញ្ញាត ឬយល់ព្រមជាមុន។ «ពាក្យបណ្ដឹងរបស់ដើមបណ្ដឹងមានលក្ខណៈគ្រប់គ្រាន់ ដើម្បីទទួលបានការអនុញ្ញាតបន្តប្ដឹងទាមទារសំណង ក្នុងការដោះស្រាយជម្លោះ»។ នេះបើតាមសម្តីចៅក្រម លោក James Donato។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដើមបណ្ដឹងទាំងអស់បានទាមទារប្រាក់សំណង ៥,០០០ដុល្លារ សម្រាប់រាល់ពេលរូបភាពរបស់ពួកគេម្នាក់ ត្រូវបានប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ មួយវិញទៀត បើសិនជាបណ្ដឹងនេះទទួលបានជោគជ័យ នោះវា នឹងជំរុញឱ្យអ្នកប្រើប្រាស់ដទៃដែលជួបបញ្ហាដូចគ្នា ដាក់ពាក្យប្ដឹងទាមទារសំណងដែរ៕