(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានចាប់ផ្ដើមហើយនូវជំនួបដោយផ្ទាល់កំរិតខ្ពស់ រវាងប្រទេសទាំងពីរ។ លោក ត្រាំ ថ្លែងបែបនេះបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមផេអូ (Mike Pompeo) និងមន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបទៀត បានជួបជាមួយលោក គីម ជុងអ៊ុន ជាសំងាត់ក្នុងទីក្រុងព្យុងយ៉ាង កាលពីប៉ុន្មានសប្ដាហ៍មុននេះ ដើម្បីជាការត្រួសត្រាយផ្លូវ សម្រាប់ជំនួបដោយផ្ទាល់រវាង លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។
ថ្លែងក្រោយជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេ នៅឯទីកន្លែងកម្សាន្ត Mar-a-Lago នៃរដ្ឋផ្លូរីដា កាលពីថ្ងៃអង្គារ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានពិភាក្សាកំរិតខ្ពស់ដោយផ្ទាល់... គឺខ្ពស់បំផុតជាមួយកូរ៉េខាងជើង»។ បន្ថែមពីលើនេះ លោក ត្រាំ ក៏បានបង្ហើបប្រាប់អ្នកសារព័ត៌មានផងដែរពីទីតាំងចំនួន ០៥ ដែលអាចនឹងក្លាយកន្លែងរៀបចំជំនួបរវាងលោក និងលោក គីម ជុងអ៊ុន នៅខែឧសភា ឬនៅដើមខែមិថុនា។ តែយ៉ាងណាក៏ដោយនៅពេលគេសួរថា តើទីតាំងទាំង៥នេះ ស្ថិតនៅ ក្នុងសហរដ្ឋអាមេរិកឬ? លោក ត្រាំ បានឆ្លើយថា «ទេ»។
គួរបញ្ជាក់ថា នាយករដ្ឋន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេ កំពុងបំពេញដំណើរទស្សនកិច្ចរយៈពេលពីថ្ងៃនៅសហរដ្ឋអាមេរិក ដោយផ្ដើមកាលពីថ្ងៃអង្គារ ហើយបើតាមការគ្រោងទុកលោក និងលោក ត្រាំ នឹងពិភាក្សាគ្នាពីការលុបបំបាត់អាវុធនុក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ទំនាក់ទំនាក់ពាណិជ្ជកម្មទ្វេភាគី និងបញ្ហាជាច្រើនទៀត៕