(អឺរ៉ុប)៖ ចំពោះមុខសភាសហភាពអឺរ៉ុប ប្រធានាធិបតីវ័យក្មេងរបស់បារាំង លោក អ៊ែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានការពារសេចក្តីសម្រេចចិត្តរបស់ប្រទេសលោក ចំពោះការចូលរួមជាមួយអាមេរិក និងអង់គ្លេស ក្នុងការវាយប្រហារដែនអាកាសលើប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាយប់ថ្ងៃអង្គារ ទី១៧ ខែមេសា ឆ្នាំ២០១៨។
លោក ម៉ាក្រុង បានថ្លែងចំពោះមុខសមាជិកសភាអឺរ៉ុប នៅក្នុងទីក្រុង Strasbourg យ៉ាងដូច្នេះថា «យើងធ្វើអន្តរាគមន៍នេះ គឺដើម្បីការពារកិត្តិយស នៃសហគមន៍អន្តរជាតិ»។ ការវាយប្រហារដែលជាការរួមដៃគ្នារវាង បារាំង សហរដ្ឋអាមេរិក និងអង់គ្លេស គឺជាការឆ្លើយតបទៅនឹងអ្វីដែលលោកខាងលិចចោទប្រកាន់ថា រដ្ឋាភិបាលស៊ីរីបានប្រើប្រាស់អាវុធគីមី វាយប្រហារ និងសម្លាប់មនុស្សជាង ៤០នាក់ នៅសង្កាត់ឌួម៉ា ជាយទីក្រុងដាម៉ាស់។
ប្រធានាធិបតីវ័យក្មេងខាងលើនេះ បានបញ្ជាក់បន្ថែមថា «យើងត្រូវតែការពារតម្លៃរបស់យើង។ ប្រទេសបារាំងមិនបានប្រកាសសង្គ្រាម ជាមួយរបបដឹកនាំស៊ីរីរបស់ លោក បាសា អាល់ អាស្សាដ នោះទេ»។ នេះជាការឆ្លើយតបទៅនឹងសំនួររបស់សមាជិកសភាអឺរ៉ុបមួយចំនួន ដែលបានសួរមេដឹកនាំបារាំង ពាក់ព័ន្ធនឹងភាពស្របច្បាប់ នៃការវាយប្រហារលើប្រទេសស៊ីរី ដែលបារាំងបានចូលដៃចូលជើង កាលពីថ្ងៃសៅរ៍សប្តាហ៍មុននោះ៕