(ប៉េកាំង)៖ សេដ្ឋកិច្ចនៃប្រទេសចិនបានកើនឡើងរហូតដល់ទៅ ៦.៨ភាគរយ នៅត្រីមាសទី ១ នៃឆ្នាំ២០១៨នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ដែលវាពិតជាសន្ទុះកើនឡើងយ៉ាងឆាប់រហ័ស គួរឲ្យកត់សម្គាល់។ នេះបើតាមការផ្សាយដោយសារព័ត៌មាន BBC នារសៀលថ្ងៃអង្គារ ទី១៧ ខែមេសា ឆ្នាំ២០១៨។
តួលេខនៃកំណើនពីខែមករា ដល់ខែមីនា ឆ្នាំ២០១៨ គឺលើសពីការកំណត់គោលដៅ របស់រដ្ឋាភិបាលចិនខ្លួនឯងទៅទៀត ដោយវាត្រូវបានកំណត់នៅក្នុងរង្វង់ ៦.៥ភាគរយតែប៉ុណ្ណោះ។ ការកើនឡើងនេះ បានបង្ហាញអំពីសន្ទុះនៃកំណើនសេដ្ឋកិច្ច របស់ប្រទេសមហាយក្សសេដុ្ឋកិច្ចលេខ ២ នៅលើសកលលោកនេះ ដោយត្រូវបានជួយជម្រុញដោយការបញ្ជាទិញយ៉ាងខ្លាំងក្លា។
ទោះបីជាភាពវិជ្ជមានកំពុងរីកស្គុះស្គាយយ៉ាងណាក្តី ក៏ក្តីព្រួយបារម្ភនៅតែមានផងដែរ នោះគឺការកើនឡើងនៃកម្រិតប្រាក់បំណុល។ រដ្ឋាភិបាលចិនកំពុងតែប្រយុទ្ធតស៊ូ ដើម្បីបង្កើតតុល្យភាពនៃប្រាក់បំណុល និងការរីកសាយហួសប្រមាណនៃសំណង់លំនៅឋាន ដើម្បីកុំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច។ បន្ថែមពីនេះទៀត ជម្លោះពន្ធនាំចេញនាំចូលរវាងចិន និងអាមេរិក ក៏នឹងអាចបង្កផលប៉ះពាល់ នៅត្រីមាសខាងមុខផងដែរ៕