(សេអ៊ូល)៖ ខ្សែទូរស័ព្ទបន្ទាន់ដោយផ្ទាល់រវាងមេដឹកនាំកូរ៉េខាងជើង និងកូរ៉េខាងត្បូង អាចនឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ (ចុងសប្តាហ៍នេះ) ដែលវាត្រូវបានគេមើលឃើញថា ជាភាពវិជ្ជមានថ្មីមួយ រវាងទំនាកទំនងកូរ៉េខាងទាំងពីរ រួមទាំងសហរដ្ឋអាមេរិក គិតចាប់តាំងពីការផ្លាស់ប្តូរគោលនយោបាយថ្មីរបស់ លោក គីម ជុងអ៊ុន ចាប់តាំងពីដើមឆ្នាំ២០១៨ មកនេះ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១៧ ខែមេសា ឆ្នាំ២០១៨។
លោក អ៊ីម ជុងសឿក (Im Jong-seok) ប្រធានសេនាធិការផ្ទាល់ របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយ នាទីក្រុងសេអ៊ូលថា ខ្សែទូរស័ព្ទទំនាក់ទំនងបន្ទាន់ (Hotline) ដោយផ្ទាល់រវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីលោក មូន ជែអ៊ីន អាចនឹងត្រូវបង្កើតឡើងនៅថ្ងៃសុក្រសប្តាហ៍នេះ។
អ្វីដែលកាន់តែសំខាន់នោះ មេដឹកនាំកូរ៉េទាំងពីរ ក៏នឹងអាចធ្វើការតេស្តប្រព័ន្ធទំនាក់ទំនង Hotline នេះដោយផ្ទាល់ នៅថ្ងៃសុក្រដដែលនោះផងដែរ ប៉ុន្តែពេលវេលាជាក់យ៉ាងណានោះ នៅមិនទាន់មានការកំណត់ជាផ្លូវការឡើយ។ គួរបញ្ជាក់ថា លោក មូន និងលោក គីម នឹងជួបពិភាក្សាគ្នាជាលើកដំបូង និងជាប្រវត្តិសាស្ត្រ នៅថ្ងៃទី២៧ ខែមេសា ខាងមុខនេះនៅឯភូមិ Panmunjom ទឹកដីព្រំដែនកូរ៉េខាងជើង៕