(ផ្លូរីដា)៖ នៅប៉ុន្មាន​ម៉ោងមុននេះ ក្រុមហ៊ុន SpaceX និង​អង្គការ NASA បានសម្រេច​ពន្យាពេល​បាញ់បង្ហោះ កែវយឺតអវកាស TESS ដោយសារតែ​វាជួបបញ្ហាមួយចំនួន​ពាក់ព័ន្ធនឹង​គ្រាប់រ៉ុក្កែត ហើយការបង្ហោះ​នឹងធ្វើឡើងជាថ្មី នៅថ្ងៃពុធ​សប្តាហ៍នេះ (ត្រូវនឹងព្រឹកថ្ងៃព្រហស្បតិ៍ ពេលវេលា​នៅអាស៊ីអាគ្នេយ៍)។ នេះបើតាម​ការចេញ​ផ្សាយ​ដោយវែបសាយ Space នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមេសា ឆ្នាំ២០១៨។

វាមិនខុសពី James Webb ដែលមានតម្លៃ ៨.៨ពាន់លានដុល្លារនោះឡើយ ដែលត្រូវ​បានពន្យាពេលជាច្រើនដង រហូតដល់ទៅខែឧសភា ឆ្នាំ២០២០ ប៉ុន្តែសម្រាប់ TESS វិញ មិនចាំបាច់ត្រូវចាំ​យូរដូច្នេះ​ឡើយ ដោយកែវយឺត​អវកាសមានសមត្ថភាព​អង្កេតផ្កាយ​ចម្ងាយរហូត​ដល់ ៣០០ឆ្នាំពន្លឺនេះ នឹងត្រូវចាកចេញពី​ផែនដី តាមការ​កំណត់ជាថ្មី​នៅ​រយៈពេលពីរ​ថ្ងៃទៀតប៉ុណ្ណោះ។ ផ្នែកគ្រប់គ្រ​ង​ការបាញ់បាន​អះអាងថា «ពន្យាពេល​​ដើម្បីពិនិត្យបច្ចេកទេសឡើង​វិញពេលនេះ​ ប្រសើរជាជាងការបាត់បង់វា»

ការបាញ់​បង្ហោះកែវយឺតអវកាស​ថ្មីមួយរបស់ NASA ដែលមានតម្លៃ​​រហូត​ដល់ទៅ ៣៣៧លានដុល្លារ និងមានទំហំប៉ុនម៉ាស៊ីន​បោកខោអាវមួយ​គ្រឿងនោះ កាន់តែខិត​កៀកជិតមក​ដល់មែនទែន​ហើយ ដោយគោលដៅ​សំខាន់របស់វា គឺស្វែងរក​ភព​ផ្សេង​នៅប្រព័ន្ធ​ព្រះអាទិត្យ​ផ្សេង ដែលមានលក្ខណៈស្រដៀងនឹងភពផែនដី​យើង។

ព័ត៌មានអំពីកែវយឺត​អវកាស TESS គឺមានជា​បន្តបន្ទាប់ ខណៈដែលវា​ត្រៀមនឹង​ត្រូវ​បាញ់បង្ហោះជាថ្មីនៅ​ថ្ងៃពុធ ទី១៨ខែមេសាដោយប្រើប្រាស់​គ្រាប់​រ៉ុក្កែត SpaceX Falcon 9 ចេញពី​ស្ថានីយ Canaveral នៃរដ្ឋផ្លូរីដា ភាគអាគ្នេយ៍​សហរដ្ឋអាមេរិក។

គោលដៅធំ​បំផុតរបស់ TESS ដែលត្រូវអនុវត្តន៍​ក្នុងរយៈពេល ០២ឆ្នាំ ខាងមុខនេះ គឺការអង្កេតយ៉ាង​លម្អិត ទៅលើផ្កាយ​សរុបចំនួនជាង ២០០,០០០ ដើម្បីស្វែង​រកភព​នានា ដែលអាចគោចរ​នៅជុំវិញផ្កាយទាំងនោះ តាមរយៈការ​អង្កេតស្រមោល​ពន្លឺដែលបាំង​ដោយភព នៅពេលវាគោចរ​ជុំវិញផ្កាយមេ​របស់វា។ NASA បាន​សន្និដ្ឋានថា កែវយឺត​អវកាស TESS យ៉ាងហោច​ណាស់ ក៏នឹងរកឃើញ​ភពរហូតដល់ ២០,០០០ នៅបណ្តាប្រព័ន្ធផ្កាយ​ផ្សេងៗ ក្នុងបេសកកម្ម​របស់វា។

បន្ថែមពីនេះទៀត នៅក្នុងចំណោម​ភពដែលអាចរកឃើញ យ៉ាងហោច​ណាស់ក៏មាន​ភព​ទំហំប្រហាក់ប្រហែល​ផែនដីចំនួន ៥០ និងភពតូចជាង​ផែនដី (ទំហំផែនដីចែកជាពីរ) យ៉ាងហោច​ណាស់ក៏ ៥០០ភពផងដែរ។ លោកស្រី Elisa Quintana អ្នកវិទ្យាសាស្ត្រ​គ្រប់គ្រងលើ TESS របស់មជ្ឈមណ្ឌលហោះ​ហើរ​អវកាស Goddard របស់ NASA បានឲ្យដឹងថា «ភពទាំងនោះ​កំពុងតែគោចរ​នៅជុំវិញផ្កាយភ្លឺ​នោះហើយ។ យើងនឹង​រក​ឃើញ​ភពនានា ដែលគោចរជុំវិញផ្កាយ​ទាំងនោះ ដែលយើងមិនអាចឃើញ​​ដោយភ្នែក​ទទេបាននោះ​ឡើយ»

បើតាមការបញ្ជាក់​ដ៏គួរឲ្យរំភើបរបស់ លោកស្រី Elisa នៅពេលប៉ុន្មានឆ្នាំ​ខាងមុខទៀត​ប៉ុណ្ណោះ តារាវិទូ ឬសូម្បីតែក្រុមអ្នក​អង្កេតផ្ទៃមេឃ​ពេលរាត្រី អាចចបង្អុល​ទៅលើ​ផ្កាយភ្លឺៗ​ណាមួយនៅលើមេឃ ហើយប្រាប់​មនុស្សគ្រប់គ្នា​ផ្សេងទៀតថា នៅជុំវិញ​ផ្កាយមួយដួងនោះ មានភពគោចរ​ជុំវិញចំនួន​ប៉ុន្មាន ទំហំប៉ុណ្ណា និងមានគន្លង​គោចរ​បែបណា​ទៀតផង។ វាពិតជាស្ថិត​នៅអនាគត​ ដ៏ខ្លីខាងមុខនេះ​ប៉ុណ្ណោះ។

ដើម្បី​រុករកភព TESS នឹងប្រើប្រាស់វិធីសាស្រ្ត​មានឈ្មោះថា «Transit» ដែលកត់សម្គាល់​មើលភាពខ្សោយចុះ​ពន្លឺតូចៗ នៅពេល​ដែលភព​មួយគោចរកាត់​ពីមុខផ្កាយមេ​របស់វា។ មធ្យោបាយ​នេះ គឺជាយុទ្ធសាស្រ្ត​ដូចគ្នា ដែលត្រូវបានប្រើប្រាស់​ដោយកែវយឺត​អវកាស Kepler របស់ NASA ដែលមកទល់​ពេលនេះ បានរកឃើញ (នៅក្រៅប្រព័ន្ធផ្កាយ​របស់យើង) ពីរភាគបី​នៃភពអេលៀន​ទាំង ៣,៧០០ភព ដែលគេ​បានស្គាល់។

អ្វីដែលនឹងខុសគ្នា​រវាងកែវយឺតប្រមាញ់​ភពទាំងពីរនេះគឺថា តំបន់នៃការ​រុករកភពរបស់ Kepler ភាគច្រើនស្ថិត​នៅយ៉ាងតិចរាប់រយឆ្នាំ​ពន្លឺ​ពី​ផែនដី ខណៈ TESS នឹងមានគោលដៅ​តាមស្វែងរកភពណា ដែលនៅជិតល្មម អាចឲ្យឧបករណ៍​ផ្សេងទៀត ធ្វើការស្រាវជ្រាវ​ស៊ីជម្រៅ​បាន​ ជាពិសេសនោះ​គឺសម្រាប់កែវយឺតអវកាស​ជំនាន់ថ្មីរបស់ NASA គឺ James Webb Space Telescope តម្លៃ ៨.៨ពាន់លានដុល្លារ ដែលទើប​ត្រូវ​​បានពន្យាពេល​បាញ់បង្ហោះ​សាជាថ្មីម្តងទៀត ទៅដល់ឆ្នាំ២០២០វិញ៕