(ដាម៉ាស់)៖ ប្រព័ន្ធស្ទាក់ចាប់មីស៊ីលរបស់ប្រទេសស៊ីរី បានធ្វើការបាញ់ទម្លាក់មីស៊ីល០៦គ្រាប់ប្រកបដោយជោគជ័យ ខណៈមានការសង្ស័យថា មីស៊ីលនោះត្រូវបានបាញ់ចេញពីទឹកដីអ៊ីស្រាអែល សំដៅមកវាយប្រហារមូលដ្ឋានទ័ពអាកាសចំនួនពីរកន្លែងនៅក្នុងទឹកដីស៊ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមេសា ឆ្នាំ២០១៨។
មីស៊ីលទាំង ០៦គ្រាប់ ខាងលើនេះ គឺបានហោះសំដៅទៅវាយប្រហារមូលដ្ឋានទ័ពអាកាសស៊ីរី នៅក្នុងទីក្រុយង Homs និងមូលដ្ឋានផ្សេងទៀត ស្ថិតណៅភាគខាងកើតទីក្រុងដាម៉ាស់ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ហើយប្រព័ន្ធការពារដែនអាកាសស៊ីរី បានទម្លាក់ទាំងអស់តែម្តង។ បើតាមសារព័ត៌មានរដ្ឋស៊ីរី SANA ដែលទទួលបានប្រភពពីមន្ត្រីយោធាស៊ីរី គ្រាប់មីស៊ីលទាំងនោះ អាចត្រូវបានបាញ់ចេញពីទឹកដីអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តអាមេរិក។
ជុំវិញការវាយប្រហារខាងលើនេះ មន្ទីរបញ្ចកោណអាមេរិកបានចេញមុខបដិសេធរួចមកហើយថា អាមេរិកមិនបានបាញ់មីស៊ីល សំដៅទៅមូលដ្ឋានទ័ពស៊ីរីទាំងនោះឡើយ។ គួរបញ្ជាក់ថា មូលដ្ឋានទ័ព Shayrat ដែលជាគោលដៅវាយប្រហារ នៃមីស៊ីលថ្មីៗខាងលើនេះ ធ្លាប់បានទទួលរងការវាយប្រហារដោយមីស៊ីលអាមេរិក កាលពីខែមេសា ឆ្នាំ២០១៧ ដែលធ្វើឡើងជាការឆ្លើយតបទៅនឹងការចោទប្រកាន់របស់អាមេរិកថា ស៊ីរីបានប្រើអាវុធគីមីនៅខេត្ត Idlib ក្នុងឆ្នាំដដែល៕