(ដាម៉ាស់)៖ ក្រុមអង្កេតរកអាវុធគីមី នៃអង្គការហាមប្រាមការប្រើអាវុធគីមីអន្តរជាតិ OPCW ត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់សង្កាត់ ឌួម៉ា (Douma) ជាយទីក្រុងដាម៉ាស់នោះហើយ ដើម្បីពិនិត្យមើលទីតាំង ដែលសហរដ្ឋអាមេរិក និងបណ្តាប្រទេសសម្ព័ន្ធចោទថា រដ្ឋាភិបាលស៊ីរីបានបើកការវាយប្រហារដោយអាវុធគីមី ដែលបានសម្លាប់មនុស្សសរុបជាង ៤០នាក់ កាលពីថ្ងៃទី០៧ ខែមេសា កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមេសា ឆ្នាំ២០១៨។
បើតាមការអះអាងព័ត៌មានបន្ថែមទៀត ក្រុមអង្កេតមកពីអង្គការ OPCW បានទៅដល់ប្រទេសស៊ីរីនេះតាំងតែពីថ្ងៃសៅរ៍សប្តាហ៍មុនមកម្ល៉េះ ប៉ុន្តែពួកគេមិនត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់តំបន់ ឌួម៉ា នោះឡើយស្របពេលដែលអាមេរិក និងបណ្តាប្រទេសសម្ព័ន្ធផ្សេងទៀត បានបើកការវាយប្រហារនៅជាយទីក្រុងដាម៉ាស់ នៅពេលទៀបភ្លឺថ្ងៃសៅរ៍នោះតែម្តង។
ទោះបីជាមិនទាន់ដឹងការពិតថាយ៉ាងណាក៏ដោយ ក៏សហរដ្ឋអាមេរិក បានដឹកនាំសម្ព័ន្ធមិត្តធំៗរបស់ខ្លួនដូចជា បារាំង និងអង់គ្លេស ធ្វើការវាយប្រហារទៅលើបីទីតាំងនៅជាយទីក្រុងដាម៉ាស់ ដោយចោទថា ជាទីតាំងដែលរបបដឹកនាំស៊ីរីរបស់ លោក បាសា អាល់ អាហ្សាដ ធ្វើការផលិត និងស្តុកទុកអាវុធគីមី។
ជុំវិញបញ្ហានេះប្រទេសរុស្ស៊ី និងស៊ីរី បានអះអាងដដែលជាដដែលថា ពុំមានការប្រើប្រាស់អាវុធគីមីអ្វីនោះឡើយ ដោយរឿងនេះគឺជាការប្រឌិតឡើងដោយអាមេរិកប៉ុណ្ណោះ។ ហេតុដូច្នេះអ្វីៗគ្រប់យ៉ាងនឹងបានដឹងច្បាស់ ក្រោយពីក្រុមជំនាញនៃអង្គការ OPCW ធ្វើការពិនិត្យរកដានអាវុធគីមី ដែលអាចនៅសេសសល់នៅក្នុងសង្កាត់ ឌួម៉ា ជាយទីក្រុងដាម៉ាស់នោះ៕