(វ៉ាស៊ីនតោន)៖ ក្រសួងសេដ្ឋកិច្ចសហរដ្ឋអាមេរិក បានចេញបម្រាមតែម្តងចំពោះក្រុមហ៊ុននានាក្នុងស្រុក មិនឲ្យលក់គ្រឿងបរិក្ខាគ្រប់ប្រភេទ ទៅឲ្យក្រុមហ៊ុនទូរគមនាគមន៍ចិន ZTE ដែលមានមូលដ្ឋាននៅទីក្រុងស៊ិនជិននោះឡើយ ដោយយោងទៅលើទណ្ឌកម្មរយៈពេល ០៧ឆ្នាំ ដែលអាមេរិកបានដាក់ទៅលើក្រុមហ៊ុនធំមួយនេះ ពាក់ព័ន្ធការរំលោភច្បាប់ស្តីពីការដាក់ទណ្ឌកម្ម។ នេះបើតាមការដកស្រង់ការផ្សាយពី Channel News Asia នាយប់ថ្ងៃចន្ទ ទី១៦ ខែមេសា ឆ្នាំ២០១៨។
ក្រុមហ៊ុន ZTE របស់ប្រទេសចិន ត្រូវបានតុលាការសហព័ន្ធ នៃរដ្ឋតិចសាស់រកឃើញថា បានរំលោភទណ្ឌកម្មអាមេរិក ដោយលួចលាក់លក់ទំនិញ និងបច្ចេកវិទ្យានានាដោយបំពានទៅកាន់ប្រទេសអ៊ីរ៉ង់។ ក្រុមហ៊ុននេះត្រូវបានផាកពិន័យ តម្រូវឲ្យសងជំងឺចិត្តជាទឹកប្រាក់ ៨៩០លានដុល្លារ ជាមួយនឹងប្រាក់ពិន័យបន្ថែម ដែលត្រូវបានទាមទារប្រមាណ ៣០០លានដុល្លារអាមេរិកថែមទៀត៕