(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រួហានី បាននិយាយនៅថ្ងៃចន្ទនេះថា ការដែលសហរដ្ឋអាមេរិក បើកការវាយប្រហារដែនអាកាសទៅលើប្រទេសស៊ីរីនោះ វាបានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងតែគាំទ្រដោយប្រយោល ចំពោះពួកភេរវករ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី១៦ ខែមេសា ឆ្នាំ២០១៨។
លោក រួហានី បានថ្លែងនៅក្នុងជំនួបសន្ទនាទូរស័ព្ទជាមួយ លោក ពូទីន យ៉ាងដូច្នេះថា «អាមេរិកបានបង្ហាញនូវប្រតិកម្មបែបនេះ នៅពេលដែលពួកគេដឹងថា ក្រុមភេរវករត្រូវបានបណ្តេញចេញពីតំបន់ហ្គួតា ភាគខាងកើត។ ការវាយប្រហារនេះ គឺរំលោភច្បាប់អន្តរជាតិ ហើយប្រសិនជាពួកគេនៅតែមិនទទួលបានការឆ្លើយតបពីអន្តរជាតិទៀតនោះ ភាពចលាចលរបៀបៗនេះ នឹងកើតមានយ៉ាងងាយបន្ថែមទៀត»។
គួរបញ្ជាក់ថា ក្រោយការវាយប្រហារនៅស៊ីរី កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ លោក ដូណាល់ ត្រាំ ដែលជាអ្នកបង្កើតប្រតិបត្តិការនេះឡើង បានសម្តែងនូវការអបអរចំពោះជោគជ័យដែលសម្ព័ន្ធមិត្តទាំងបី អាមេរិក អង់គ្លេស និងបារាំងសម្រេចបាន ហើយក៏ព្រមានវាយប្រហារស៊ីរីថែមទៀតដែរ បើមិនព្រមបោះបង់ចោលអាវុធគីមី។
ជុំវិញបញ្ហានេះ លោក ពូទីន ប្រធានាធិបតីរុស្ស៊ីបានព្រមានតបវិញថា ការបន្តរំលោភឥតឈប់ឈរលើច្បាប់អន្តរជាតិ (UN) វានឹងបង្កឲ្យមានភាពចលាចលក្នុងទំនាក់ទំនងជាលក្ខណៈអន្តរជាតិ៕